ភ្នំពេញ៖ ស្រ្តីខ្មែរម្នាក់ទៀតអាយុ ៦២ឆ្នាំ បានបាត់បង់ជីវិតដោយសារមេរោគកូវីដ-១៩ នៅមន្ទីរពេទ្យខ្មែរ-សូវៀត ខណៈការស្លាប់នេះ គឺជាករណីលើកទីពីរហើយនៅប្រទេសកម្ពុជា បានស្លាប់ដោយសារមេរោគដ៏កាចសាហាវមួយនេះ។ នេះបើតាមការបញ្ជាក់ពីអ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន។
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយប៊ីធីវី នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ស្រ្តីដែលបានបាត់បង់ជីវិតដោយសារមេរោគកូវីដ១៩នេះ គឺគាត់មានសភាពវិវត្តន៍យ៉ាងលឿន ដែលបណ្តាលហត់ខ្លាំងពេក រួមផ្សំនឹងស្រ្តីរូបនេះ មានជំងឺប្រចាំកាយដូចទឹកនោមផ្អែមផងលើសឈាមផង និងជំងឺធាត់ផងនោះ។
យ៉ាងណាក៏ដោយលោកជំទាវ ឱ វណ្ណឌីន ក្នុងនាមក្រសួងសុខាភិបាលកម្ពុជា បានសម្តែងការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ជីវិតនេះផងដែរ ខណៈសាកសពរបស់គាត់នឹងត្រូវបូជាដោយឆាប់រហ័សពីសំណាក់ក្រុមគ្រូពេទ្យនោះ។
ជាមួយគ្នានោះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានបន្តអំពាវនាវយ៉ាងទទួចជាថ្មីម្តងទៀតផងដែរ ដល់ជនរួមជាតិគ្រប់រូប គប្បីអនុវត្តឲ្យបានម៉ត់ចត់បំផុត ចំពោះវិធានការក្រសួងសុខាភិបាល ជាពិសេសអនុវត្តឲ្យបានត្រឹមត្រូវគ្រប់ពេលវេលាទាំងអស់ចំពោះវិធានការ«៣ការពារ និង៣កុំ»នោះ ខណៈមេរោគកូវីដ១៩បម្លែងខ្លួនថ្មីមានសភាពកាចសាហាវ និងខ្លាំងខ្លាជាងមុនគួឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងនោះ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយប៊ីធីវីនេះដែរ លោកជំទាវ ឱ វណ្ណឌីន ក៏បានអំពាវនាវដល់ បងប្អូនទាំងអស់ដែលកំពុងរស់នៅរាជធានីភ្នំពេញ គប្បីផ្អាកទៅតាមខេត្តនានាជាបណ្តោះអាសន្នមួយរយៈសិន ហើយបងប្អូនដែលរស់នៅតាមខេត្តក៏គប្បីផ្អាកមកភ្នំពេញមួយរយៈសិនដែរនោះ ដើម្បីបង្ការនៃការរីករាលដាលនូវមេរោគកូវីដ១៩នៅសហគមន៍បន្តទៀត។
សូមបញ្ជាក់ថា រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ករណីឆ្លងមេរោគកូវីដ១៩នៅប្រទេសកម្ពុជាបានកើនឡើងដល់ចំនួន ១៥៧៨នាក់ហើយ ដោយក្នុងនោះអ្នកជាសះស្បើយចំនួន ៩១៧នាក់ និងនៅសល់ចំនួន ៦៧នាក់ទៀត កំពុងបន្តសម្រាក់ព្យាបាលខណៈ២នាក់បានបាត់បង់ជីវិតនោះ៕ អត្ថបទ៖ បាន ចក់