ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្ដែងនូវការសប្បាយរីករាយ នៅពេលឃើញប្រជាពលរដ្ឋបន្តពាក់ម៉ាស់ បើទោះបីជារាជរដ្ឋាភិបាល បានដកកាតព្វកិច្ចឈប់ឲ្យពលរដ្ឋពាក់ម៉ាស់នៅតាមទីសាធារណៈ ដោយសម្ដេចចាត់ទុកសកម្មភាពរបស់ពលរដ្ឋនេះ នៅតែបន្តចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។
ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា សូមប្រជាពលរដ្ឋបន្តការពារការឆ្លងជំងឺកូវីដ-១៩ បើទោះបីវាស្ងប់ ព្រោះកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ ហើយត្រូវបន្តទទួលវ៉ាក់សាំង គឺមានតែវ៉ាក់សាំងទេ បានជួយជំនះនូវការលំបាក ។
សម្ដេចតេជោ បានបន្តថា សម្ដេចមានការសប្បាយរីករាយផងដែរ នៅពេលឃើញពលរដ្ឋបន្តពាក់ម៉ាស់នៅតាមទីសាធារណៈ បើបីជារាជរដ្ឋាភិបាលបានដកចេញនូវកាតព្វកិច្ចនេះ ហើយសម្ដេចក៏បានលើកទឹកចិត្ត ក្នុងការចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ចំនួនជាង៩០នាក់ ដោយក្នុងនោះរាជធានីភ្នំពេញមានចំនួន ២៦នាក់ កំពុងសម្រាកព្យាបាលមន្ទីរពេទ្យ នៅតាមបណ្ដាខេត្តមួយចំនួនទៀត ខណៈម្សិលមិញបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ៕(អត្ថបទ៖ បាន សុខរិទ្ធិ)