ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកវិធីដំឡើងប្រាក់បៀវត្សជូនដល់អតីតយុទ្ធជន និងអ្នកចូលនិវត្តមុន ដែលមានប្រាក់ខែទាប ត្រូវដំឡើងប្រាក់ខែដល់ពួកគាត់ឲ្យបានលឿន ។
ក្នុងឱកាសអញ្ជើញជាអធិបតី សំណេះសំណាលជាមួយប្រតិភូកីឡាករកម្ពុជា ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍សូមការអធ្យាស្រ័យ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងប្រទេស ដែលពីរឆ្នាំកន្លងទៅនេះ មិនបានដំឡើងប្រាក់បៀវត្សជូន គឺប្រាក់ខែនៅទ្រឹង ។
សម្ដេចតេជោ បានបន្តថា តែយ៉ាងណាសម្ដេចបានណែនាំ ទៅឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យថែមប្រាក់ខែជូនអតីតយុទ្ធជន និងអ្នកចូលនិវត្តមុនដែលមានប្រាក់ខែទាប ។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កាលពីពេលកន្លងទៅតាមរយៈការខិតខំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តនូវគោលនយោបាយកាត់បន្ថយគម្លាតរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ ដោយបានដំឡើងដល់ ៦៤០ ០០០រៀល ក្នុងពេលអ្នកចូលនិវត្តន៍ក្រោយឡើងបាន ៨០០ ០០០រៀល ដូច្នេះត្រូវរុញបន្តទៀត នឹងឡើងដល់ក្បែរគ្នា សប្បាយចិត្តទាំងអស់គ្នា យ៉ាងហោចណាស់អ្នកចូលនិវត្តន៍ក្រោយ ឡើងដល់ ២០០ដុល្លារ៕