ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានស្នើទៅសភាកាលពីថ្ងៃពុធ ទី ២៤ ខែមិថុនា សម្រាប់ការចំណាយថវិកាបន្ថែមជិត ៨៨ ពាន់លានដុល្លារ ដែលភាគច្រើននៃការចំណាយនេះគ្របដណ្តប់លើសង្គ្រាមនៅអ៊ីរ៉ង់ ខណៈមានភាពមិនប្រាកដប្រជាកាន់តែខ្លាំងឡើងចំពោះភាគីទាំងពីរជុំវិញជម្លោះ និងផលវិបាកជាអវិជ្ជមាន។
សំណើរបស់សេតវិមានសម្រាប់ថវិកាបន្ថែមចំនួន ៨៧,៦ ពាន់លានដុល្លារ រួមមានថវិការាប់លានដុល្លារសម្រាប់មន្ទីរបញ្ចកោណ ព្រមទាំងថវិកាសម្រាប់កសិករអាមេរិក កិច្ចខិតខំប្រឹងប្រែងឆ្លើយតបទៅនឹងជំងឺអេបូឡានៅអាហ្វ្រិកកណ្តាល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក។

វាក៏បានកើតឡើង ខណៈរដ្ឋបាលព្យាយាមប្រែក្លាយកិច្ចព្រមព្រៀងបឋមជាមួយទីក្រុងតេអេរ៉ង់ទៅជាដំណោះស្រាយចុងក្រោយបន្ទាប់ពីសង្គ្រាមរយៈពេលជាច្រើនខែដែលបានធ្វើឱ្យទីផ្សារថាមពលសកលរង្គោះរង្គើ ជំរុញឱ្យតម្លៃកើនឡើង និងបង្ហាញពីការខ្វែងគំនិតគ្នានៅក្នុងគណបក្សសាធារណរដ្ឋរបស់លោក Trump។
កញ្ចប់ថវិកាភាគច្រើន នឹងត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើយោធាដែលជាប់ទាក់ទងនឹងជម្លោះជាមួយអ៊ីរ៉ង់។
រដ្ឋបាលបានស្នើសុំថវិកាប្រហែល ៦៧ ពាន់លានដុល្លារអាមេរិកសម្រាប់មន្ទីរបញ្ចកោណ រួមទាំងថវិកា ២១ពាន់លានដុល្លារអាមេរិកសម្រាប់គ្រាប់រំសេវនិងសមត្ថភាពយោធាផ្សេងទៀត ហើយ១៧,៣ពាន់លានដុល្លារអាមេរិកសម្រាប់ការចំណាយប្រតិបត្តិការផ្សេងៗ និង១២,១ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីដែលមានភាពសម្ងាត់ខ្ពស់។
