ផ្លូវលំជនបទក្រាលកៅស៊ូ២ជាន់ប្រភេទ DBST ប្រវែង៤ពាន់ម៉ែត្រ ១ខ្សែបន្ថែមទៀត ស្ថិតនៅភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ឆ្ពោះទៅខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងតំបន់ដី និងផ្ទះសប្បទានសេដ្ឋកិច្ច ត្រូវបានក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ប៊ុន ច័ន្ទវណ្ណះ រដ្ឋលេខាធិការក្រសួង តំណាងឯកឧត្តម ឆាយ ប្ញទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀង និងមានការចូលរួមពីលោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោកអភិបាលស្រុកចន្ទ្រា លោកមេឃុំ មេភូមិ និងពលរដ្ឋជាង១០០នាក់។
តំណាងក្រុមហ៊ុន លឹមមេង លោក សុខ សំអុល បានឱ្យដឹងថា ផ្លូវមួយខ្សែដែលក្រសួងអភិវឌ្ឃន៍ជនបទបើកកាដ្ឋានស្ថាបនានេះមានប្រវែង៤ពាន់ម៉ែត្រ គឺជាផ្លូវប្រភេទ DBSTក្រាលកៅស៊ូ២ជាន់ ប្រវែងទទឹងផ្លូវមាន៧ម៉ែត្រ និងចិញ្ចើមសងសាងក្រាលគ្រួសក្រហម ទទឹងម្ខាងៗប្រវែង១ម៉ែត្រប៉ែត នៅក្នុងនោះគម្រោងមានសាងសង លូ៦កន្លែង មានផ្លាកសញ្ញា៦ បង្គោលសុវត្ថិភាព២៤ ស្លាកព័ត៍មាន ១ ហើយរយៈពេលសាងសងមាន ១ឆ្នាំ គិតចាប់ពីថ្ងៃបើកការដ្ឋាន
ឯកឧត្តម ប៊ុន ចន្ទ័វណ្ណះ រដ្ឋលេខាធិការក្រសួង បានបញ្ជាក់ថា តំបន់ជនបទគឺជាគោលដៅអាទិភាពនៃនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឆ្ពោះទៅធ្វើការអភិវឌ្ឍន៍ជនបទលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបប្រវ័ន្ត មានសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សំដៅលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងពេលនេះ ពលរដ្ឋនៅខេត្តស្វាយរៀង បានទទួលសមិទ្ធផលថ្មីគឺផ្លូវ១ខ្សែបន្ថែមទៀត បន្ទាប់ពីតំបន់នេះពុំដែលធ្លាប់មានផ្លូវសម្រាប់ប្រើប្រាស់។ ឯកឧត្តមបានបញ្ជាក់ថា ស្វាយរៀង ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ប្រព័ន្ធគមនាគមន៍នៅគ្រប់ស្រុកក្រុងទាំង៨ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ពិសេសពេលថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តផ្ដល់ប្រព័ន្ធគមនាគមន៍តាមរយៈមូលនិធិឃុំ សង្កាត់ប្រចាំឆ្នាំ និងក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់ផ្លូវថ្មីសម្រាប់ប្រើប្រាស់ទៅថ្ងៃអនាគតជាសក្ខីភាព។
តំណាងពលរដ្ឋភូមិតែងម៉ៅ ឃុំចន្ទ្រា ស្រុកចន្ទ្រា បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលស្ថាបនាផ្លូវឆ្លងកាត់ភូមិដ្ឋានសម្រាប់ពួកគាត់ប្រើប្រាស់ ខណៈដែលនៅតំបន់នេះកន្លងមកខ្វះផ្លូវប្រើប្រាស់ និងដឹកជញ្ជូនកសិផលពីតំបន់មួយទៅតំបន់មួយទៀត
ការស្ថាបនានេះ គឺជាជំហាន២ ខណៈដែលជំហាន១ក្រុមការងាររបស់ក្រសួងបានដាក់អោយពលរដ្ឋប្រើប្រាស់ ធើ្វដំណើរនិងដឹកសកិផលទៅកាន់តំបន់មួយចំនួននៅក្នុងភូមិសាស្ត្រឃុំ ពិសេសឆ្ពោះទៅកាន់ព្រំដែនកម្ពុជាវៀតណាមជាបណ្តើរៗហើយ៕ ដោយ ៖ ភា សារិត







