នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមេដឹកនាំអាមេរិកឡាទីន និងអេស្ប៉ាញ បានសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ និងសន្យាផ្តល់ជំនួយដល់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីដ៏ខ្លាំងក្លា បានសម្លាប់មនុស្សយ៉ាងហោច ៣២នាក់ និងមនុស្សប្រហែល ៧០០នាក់ផ្សេងទៀត រងរបួស ។
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sanchez និយាយថា អេស្ប៉ាញឈរនៅជាមួយពលរដ្ឋវេណេស៊ុយអេឡា និងគ្រួសារជនរងរគ្រោះ បន្ទាប់ពីការរញ្ជួយដីស្លាប់មនុស្សនេះ ។
ចំណែកឯប្រធានាធិបតីអាហ្សង់ទីនលោក Javier Milei បានបង្ហាញសាមគ្គីភាពដ៏ជ្រាលជ្រៅបំផុត ហើយលោកនិយាយថា ទីក្រុង Buenos Aires ត្រៀមខ្លួនរួចរាល់ ក្នុងការសម្របសម្រួលជំនួយមនុស្សធម៌ជាមួយអង្គការអន្តរជាតិ ។
ខណៈពេលនោះដែរ ប្រធានាធិបតីឈីលីលោក Jose Antonio Kast ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino និងប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានបង្ហាញការគាំទ្រផងដែរ ក្នុងនោះម៉ិកស៊ិក កំពុងរៀបចំក្រុមជួយសង្រ្គោះ និងក្រុមវេជ្ជសាស្រ្ត តាមសំណើររបស់វេណេស៊ុយអេឡា ។
សេវាកម្មស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមរិក និយាយថា ការរញ្ជួយដីដ៏ខ្លាំក្លា ២លើក កម្រិត ៧,២រ៉ិចទ័រ និងកម្រិត ៧,៥រ៉ិចទ័រ បានវាយប្រហារតំបន់ជិតទីក្រុង Caracas ហើយពួកគេព្រមានថា ចំនួនមនុស្សស្លាប់សរុប អាចនឹងកើនឡើងដល់រាប់ពាន់នាក់ ៕

