ភ្លៀងធ្លាក់ខ្លាំង បានបង្កឲ្យកើតមានទឹកជំនន់ដ៏គំហក់នៅរដ្ឋភាគឦសាន Arunachal Pradesh ប្រទេសឥណ្ឌា ដោយបានបំផ្លិចបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យអាក់ខានដល់ការតភ្ជាប់នៅ រដ្ឋស្ថិតក្នុងតំបន់ភ្នំហេមពាន្តមួយនេះ ។
ទឹកជំនន់ត្រូវបានគេមើលឃើញហូរយ៉ាងខ្លាំងឆ្លងកាត់ទីលំនៅស្ថានរបស់ប្រជាពលរដ្ឋ ក៏ដូចជាហូររំលើងគល់ដើមឈើ ហើយកម្ទេចកម្ទី ត្រូវបានគេមើលឃើញរាយប៉ាយពាសពេញផ្លូវដែលជន់លិចដោយសារទឹកជំនន់ ។
ក្រុមអាជ្ញាធររដ្ឋដោយមានការគាំទ្រពីទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយ និងឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាស បានចុះប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយ ដោយពួកគេបានដាក់ពង្រាយមន្រ្តីរបស់ខ្លួន និងការផ្គត់ផ្គង់បន្ទាន់ទៅកាន់តំបន់រងគ្រោះដែលមិនអាចចូលទៅដល់ ។
ដោយឡែកកាលពីថ្ងៃពុធម្សិល ភ្លៀងធ្លាក់ខ្លាំងលើកដំបូង បានវាយប្រហារទីក្រុងមជ្ឈមណ្ឌលហិរញ្ញវត្ថុម៉ុមបៃ បង្កឲ្យមានការជន់លិច និងការអាក់ខានដល់ការធ្វើចរាចរណ៍ ។ ជាទូទៅភ្លៀងវស្សា មកដល់ទីក្រុងម៉ុមបៃនៅសប្តាហ៍ដំបូង ក្នុងខែមិថុនា ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះ វាមកដល់យឺតយ៉ាវខ្លាំង ។
សូមបញ្ជាក់ថា តំបន់ភាគឦសានប្រទេសឥណ្ឌា ត្រូវបានយាយីដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឲ្យមានបំណាក់ដីស្លាប់មនុស្ស ទឹកជំនន់ដ៏គំហក់ និងធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ ៕

