ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហាញភាពមិនសូវចាប់អារម្មណ៍ ចំពោះលោក Andy Burnham ដែលទំនងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសបន្ទាប់ ដោយលោកបាននិយាយថា លោកមិនសូវស្គាល់អ្នកនយោបាយរូបនេះទេ ហើយគ្រាន់តែឮថា លោក «មានគំនិតសេរីនិយមខ្លាំងណាស់»។
កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) មេដឹកនាំអាមេរិករូបនេះត្រូវបានអ្នកសារព័ត៌មានមួយរូបសួរ អំពីអ្វីដែលលោកដឹងអំពីលោក Burnham អតីតអភិបាលក្រុង Greater Manchester ដែលត្រៀមជំនួសលោក Keir Starmer ក្នុងការផ្លាស់ប្តូរថ្នាក់ដឹកនាំចុងក្រោយរបស់ចក្រភពអង់គ្លេស។

ក្នុងអំឡុងពេលមានជំនួប នៅឯសេតវិមាន ជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte លោក Trump បាននិយាយថា៖ «ខ្ញុំមិនដឹងអ្វីទាំងអស់។ ខ្ញុំដឹងថា គាត់ (លោក Burnham) ធ្លាប់ជាអភិបាលក្រុង។ ខ្ញុំឮថា គាត់មានគំនិតសេរីនិយមខ្លាំង គឺខ្លាំងណាស់ ដូច្នេះ មានន័យថា គាត់ប្រហែលជាមិនបើកចំហសមុទ្រខាងជើងទេ»។
គួរបញ្ជាក់ថា លោក Burnham ទំនងជាបេក្ខជនតែម្នាក់គត់ដែលត្រូវបានតែងតាំង ដើម្បីជំនួសលោក Starmer ជាមេដឹកនាំគណបក្សការងារ ហើយអាចក្លាយជានាយករដ្ឋមន្ត្រី នៅពាក់កណ្តាលខែកក្កដា។ ហើយការអត្ថាធិប្បាយរបស់មេដឹកនាំអាមេរិក បានបង្កើតស្ថានភាពដែលអាចនឹងមានភាពរង្គោះរង្គើ ក្នុងទំនាក់ទំនង រវាងអ្នកនយោបាយទាំង២៕
