នៅក្នុងសុន្ទរកថាពេលល្ងាចរបស់លោក កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) លោកប្រធានាធិបតី លោក Volodymyr Zelenskyy បានលើកឡើងថា ប្រទេសអ៊ុយក្រែននឹងធ្វើការវាយប្រហារបង្ការជាមុនលើទីតាំងដែលរុស្ស៊ីកំពុងប្រើប្រាស់ សម្រាប់សង្គ្រាមរបស់ខ្លួន ខណៈដែលទីក្រុងគីវពង្រីកការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ជាការប៉ុនប៉ងបង្ខំឲ្យទីក្រុងមូស្គូព្រមចូលចរចា។
លោក Zelenskyy បាននិយាយថា៖ «ខ្ញុំបានណែនាំទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធារបស់យើងឲ្យអនុវត្តសកម្មភាពជាមុន ប្រឆាំងនឹងទីតាំងដែលរុស្ស៊ីប្រើប្រាស់ ដើម្បីពង្រីកកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន»។

កាលពីថ្ងៃពុធ យានដ្រូនរបស់អ៊ុយក្រែន បានបំផ្លាញថាមពលនៅក្នុងទីក្រុងធំបំផុត នៅក្នុងតំបន់គ្រីមៀដែលកាន់កាប់ដោយរុស្ស៊ី និងបានកំណត់គោលដៅទីតាំងនៅភាគកណ្តាល និងភាគខាងត្បូងរុស្ស៊ី ខណៈដែលវិបត្តិប្រេងឥន្ធនៈ មានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយទីក្រុងគីវបន្តវាយប្រហាររោងចក្រចម្រាញ់ប្រេង និងធនធានថាមពល។
ប្រភពឧស្សាហកម្មបានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងរបស់រដ្ឋធានីមូស្គូ នឹងបិទយ៉ាងហោចណាស់ ៦ខែ បន្ទាប់ពីរងការខូចខាតយ៉ាងខ្លាំង អំឡុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ដែលធ្វើឲ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងរបស់រុស្ស៊ី ក្នុងការដោះស្រាយបញ្ហាកង្វះខាតប្រេងឥន្ធនៈ នៅទូទាំងប្រទេសដ៏ធំបំផុតរបស់ពិភពលោកមួយនេះ៕


