ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ានឆ្នាំ២០២២ បានលិខិតថ្លែងអំណរគុណឯកឧតុ្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក វ៉ាស៊ីនតោន ឌីស៊ី ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ដោយសម្តេច បញ្ជាក់ថា សម្តេចមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងពីការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ចូ បៃដិន ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងជាជំហានឆ្ពោះទៅមុខមួយឈានទៅរកការដំឡើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត ដែលក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹង លើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ប្រកាសបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។
សម្តេចជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិកនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។
សម្តេចបញ្ជាក់ថា “ខ្ញុំទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម”៕


