នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ក្រុមអ្នកស្រាវជ្រាវ បានឲ្យដឹងថា ការហាមប្រើប្រាស់បណ្ដាញសង្គមរបស់ប្រទេសអូស្ត្រាលី សម្រាប់ក្មេងអាយុក្រោម ១៦ឆ្នាំ ផ្ដល់ផលប៉ះពាល់តិចតួចប៉ុណ្ណោះ ចំពោះទម្លាប់នៃការទាញអេក្រង់ទូរស័ព្ទចុះឡើងរបស់ក្មេងជំទង់ ដោយនេះជាការវាយតម្លៃលើកដំបូង លើវិធានការនាំមុខគេរបស់ពិភពលោកនេះ។
កាលពីខែធ្នូឆ្នាំមុន អូស្ត្រាលីបានដាក់បម្រាម ចំពោះក្មេងអាយុក្រោម ១៦ឆ្នាំ មិនឲ្យប្រើប្រាស់បណ្ដាញសង្គមនានា ដូចជា Facebook, Instagram និង TikTok ជាដើម ជាវិធានការបង្ក្រាបដែលត្រូវបានបង្កើតឡើង ដើម្បីការពារកុមារកុំឲ្យមានការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត និង «ក្បួនដោះស្រាយបង្កគ្រោះថ្នាក់»។
ប៉ុន្តែមានភស្តុតាងតិចតួចណាស់ដែលបង្ហាញថា ក្មេងជំទង់បានងាកចេញពីបណ្ដាញសង្គម ដោយសារបម្រាមនេះ។ នេះបើយោងតាមការរកឃើញរបស់ក្រុមអ្នកស្រាវជ្រាវមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី នៅក្នុងការសិក្សាដែលត្រូវបានពិនិត្យដោយអ្នកជំនាញផ្សេងទៀត និងដែលត្រូវបានបោះពុម្ពផ្សាយដោយស្ថាប័ន British Medical Journal។
ការសិក្សានោះបានបង្ហាញថា អ្នកប្រើប្រាស់មិនទាន់គ្រប់អាយុ បានគេចពីការរឹតបន្តឹងនេះ ដោយប្រើប្រាស់គណនីដែលត្រូវបានចុះឈ្មោះ សម្រាប់មនុស្សចាស់ ការបង្កើតគណនីក្លែងក្លាយ ឬដោយការចូលទៅក្នុងកម្មវិធីស្វែងរកឯកជន។ ក្រុមអ្នកស្រាវជ្រាវបានសរសេរថា៖ «យើងបានរកឃើញភស្តុតាងមិនគ្រប់គ្រាន់ ក្នុងការសន្និដ្ឋានបានថា ច្បាប់ (ច្បាប់អាយុអប្បបរមាបណ្ដាញសង្គម) នេះ មានផលប៉ះពាល់គួរឲ្យកត់សម្គាល់ លើការប្រើប្រាស់បណ្ដាញសង្គម ក្នុងចំណោមក្មេងជំទង់ដែលមានអាយុក្រោម ១៦ឆ្នាំ»។
ក្រុមអ្នកស្រាវជ្រាវ បានស្ទង់មតិអ្នកប្រើប្រាស់បណ្ដាញសង្គមវ័យក្មេងជាង ៤០០នាក់ ពោលគឺភ្លាមៗមុនពេលការរឹតបន្តឹងចូលជាធរមាន និងម្តងទៀត នៅ ៣ខែបន្ទាប់។ ក្រុមនេះបានបញ្ជាក់ថា មានការផ្លាស់ប្តូរតិចតួច សម្រាប់អ្នកប្រើប្រាស់ដែលមានអាយុពី ១២ ទៅ ១៣ឆ្នាំ ការថយចុះបន្តិចបន្តួច សម្រាប់ក្រុមអាយុពី ១៤ ទៅ ១៥ឆ្នាំ និងការកើនឡើងនូវការប្រើប្រាស់ សម្រាប់អ្នកមានអាយុចាប់ពី ១៦ឆ្នាំ និងលើសពីនោះ៕


