កាលពីថ្ងៃពុធ (ទី២៤ ខែមិថុនា ឆ្នាំ២០២៦) មេដឹកនាំអឺរ៉ុបបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ចំពោះភាពជាដៃគូការពារជាតិដ៏រឹងមាំ មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នាខែក្រោយ នៅទីក្រុង Ankara ប្រទេសទួរគី បន្ទាប់ពីមានជម្លោះជាបន្តបន្ទាប់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងភាពតានតឹង ក្នុងចំណោមសមាជិកអឺរ៉ុបសំខាន់ៗ។
ជាមួយគ្នានោះ មេដឹកនាំទាំងអស់ក៏បានផ្តល់ការលាគ្នាយ៉ាងកក់ក្តៅផងដែរដល់នាយករដ្ឋមន្ត្រីអង់គ្លេសដែលជិតផុតអាណត្តិ លោក Keir Starmer បន្ទាប់ពីលោកបានប្រកាសនៅសប្តាហ៍នេះថា លោកនឹងចុះចេញពីតំណែង ក្នុងពេលមានការមិនពេញចិត្តកាន់តែខ្លាំងឡើង នៅក្នុងគណបក្សរបស់លោក។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំនៃចក្រភពអង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញទៅកាន់ទីក្រុងប៊ែរឡាំង បាននិយាយថា កិច្ចប្រជុំកំពូលអង្គការណាតូ នៅថ្ងៃទី ៧-៨ ខែកក្កដា នឹងជាពេលវេលា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការដើរតួនាទីភាពជាដឹកនាំកាន់តែរឹងមាំក្នុងវិស័យការពារជាតិ។
សេចក្តីថ្លែងការណ៍រួមមួយ «បានបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ថ្នាក់ដឹកនាំទាំងអស់ ចំពោះសន្តិសុខអឺរ៉ុប-អាត្លង់ទិក និងចំណងទាក់ទងឆ្លងមហាសមុទ្រអាត្លង់ទិក»។ នៅពីក្រោយសារនៃសាមគ្គីភាព ការអញ្ជើញរបស់លោក Merz ទៅកាន់ទីក្រុងប៊ែរឡាំង បានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុជាច្រើនដែលបានបង្ហាញពីភាពតានតឹង លើបញ្ហាការពារជាតិ និងសន្តិសុខ ក្នុងចំណោមដៃគូសំខាន់ៗរបស់អឺរ៉ុប។
គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោនបានរិះគន់សម្ព័ន្ធភាពយោធាមួយនេះ ចំពោះភាពស្ទាក់ស្ទើររបស់ខ្លួន ក្នុងការគាំទ្រសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ និងបានគំរាមកំហែងដកទ័ព នៅតំបន់អឺរ៉ុប៕

