ជនអន្តោប្រវេសន៍រស់នៅតាមដងផ្លូវនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងនិយាយថា ពួកគេពិបាកស៊ូទ្រាំការលំបាកខ្លាំងណាស់នឹងរលកកម្តៅបំបែកកំណត់ត្រាបែបនេះ ។
គួរឲ្យដឹងថា សីតុណ្ហភាពនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងមួយនេះ បានហក់ឡើងខ្ពស់ដល់ ៣៨អង្សាសេរួចទៅហើយកាលពីដើមសប្តាហ៍នេះ ។
លោក Arsalana គឺជាជនអន្តោប្រវេសន៍វ័យ ២៥ឆ្នាំមួយរូបមកពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងចំណោមជនអន្តោប្រវេសន៍រាប់រយនាក់ដែលយកដងផ្លូវនៅក្នុងទីក្រុងប៉ារីសធ្វើជាផ្ទះរបស់ពួកគេ ។
លោក Arsalan និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វាពិតជាក្តៅខ្លាំងណាស់ ។ លោកថា លោកវិលមុខ និងមានស្នាមកន្ទួលពេញខ្លួន ហើយលោកចង់ទៅជួបគ្រូពេទ្យ ។
លោកបន្តថា ម៉ាស៊ីនទឹក និងព្រែកនៅក្បែរនោះ បានជួយឲ្យជនអន្តោប្រវេសន៍ធូរស្បើយបានច្រើន ហើយលោកហែលទឹកនៅទីនេះ ជាញឹកញាប់ក្នុង ១ថ្ងៃ ។
ចំណែកឯលោក Hanivall គឺជាជនអន្តោប្រវេសន៍វ័យ ២៣ឆ្នាំមកពីប្រទេសអេរីទ្រី និយាយដែរថា ការហែលទឹកក្នុងព្រែក គឺគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកដែលមិនចេះហែលទឹក ប៉ុន្តែលោកត្រូវតែផ្សង ដើម្បីទទួលបានភាពត្រជាក់ ។
លោកនិយាយថា គ្មានផ្ទះសម្បែង គឺជាជីវិតគ្មានផ្ទះ ជីវិតគ្មានផ្ទះ វាមិនថ្វីនោះទេ ប៉ុន្តែរលកកម្តៅក្តៅខ្លាំងបែបនេះ ពួកយើងពិបាកស៊ូទ្រាំខ្លាំងណាស់ ៕



