យោងតាមទិន្នន័យពីក្រសួងកសិកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា ពលរដ្ឋជាង ៤,៧លាននាក់ នៅទូទាំងសហរដ្ឋអាមេរិក បាត់បង់អត្ថប្រយោជន៍កម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម(SNAP)របស់ពួកគេ ដែលគេស្គាល់ថាជាប័ណ្ណអាហារ ចាប់តាំងពីច្បាប់ការចំណាយ និងពន្ធរបស់លោកប្រធានាធិបតី Donald Trump ចូលជាធរមានកាលពីខែកក្កដាឆ្នាំមុន ក្នុងនោះរដ្ឋ Arizona រងផលប៉ះពាល់ខ្លាំងជាងគេ ។

អ្នកស្រី Myriam Flores គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Phoenix រដ្ឋ Arizona និយាយថា គាត់ឈប់ហូបខ្លួនឯងឆ្អែតហើយ ដើម្បីឲ្យគាត់អាចចំអែតក្រពះកូនៗរបស់គាត់បាន ឬសន្សំអាហារសម្រាប់អ្នកដែលគ្មានគ្រប់គ្រាន់ ។
អ្នកស្រី Myriam វ័យ ៤២ឆ្នាំដែលមានកូន ៧នាក់ក្នុងបន្ទុក ស្ថិតក្នុងចំណោមពលរដ្ឋកន្លះលាននាក់ រស់នៅក្នុងរដ្ឋ Arizona ដែលបានបាត់បង់អត្ថប្រយោជន៍ពីកម្មវិធី SNAP ។
ក្រសួងកសិកម្មអាមេរិកនិយាយទៀតថា ការចុះឈ្មោះទទួលប័ណ្ណអាហារបានធ្លាក់ចុះ ៥០ភាគរយ ដែលជាការធ្លាក់ចុះខ្លាំងបំផុតនៅទូទាំង ៥០រដ្ឋ ។
ការធ្លាក់ចុះនេះដែរ បានកើតមាន ក្រោយលោក Trump ចុះហត្ថលេខាលើច្បាប់ One Big Beautiful Bill ដែលបានរឹតត្បិតអ្នកដែលមានសិទ្ធិទទួលបានអត្ថប្រយោជន៍ ។
រដ្ឋ Arizona ស្ថិតនៅក្នុងចំណោមរដ្ឋដំបូងដែលដាក់ចេញគោលការណ៍ណែនាំថ្មីសម្រាប់កម្មវិធី SNAP ហើយក្រុមអ្នកជំនាញនិយាយថា វាពិបាកខ្លាំងណាស់ឲ្យរដ្ឋមួយនេះ ទទួលយកការផ្លាស់ប្តូរខាងលើ ៕
