មណ្ឌលគិរី៖ បន្ទាប់ពីទឹកឃ្មុំព្រៃមណ្ឌលគិរី បានចុះបញ្ជីការពារជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (IG) មានការគាំទ្រយ៉ាងខ្លាំង ពិសេសកាន់តែបង្កើនតម្លៃបន្ថែមដល់ប្រជាកសិករ និងជំរុញឲ្យពួកគាត់មានទឹកចិត្តក្នុងការប្រមូលផលជាងមុនថែមទៀត។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ លោក ស្រើវ សុវណ្ណនី ប្រធានសមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោមកិច្ចគាំទ្ររបស់រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដើម្បីចុះបញ្ជីការពារម៉ាកជាសម្គាល់ភូមិសាស្រ្តទំនិញនៅកម្ពុជារួចមក បានធ្វើឲ្យកសិករ ដែលសមាជិកនេះ គាត់មានទំនុកចិត្តក្នុងការប្រមូលផលថែមទៀត ជាពិសេសនោះ គឺតម្លៃមានការកើនខ្ពស់បន្តិច ធ្វើឲ្យពួកគាត់មានជីវភាពល្អប្រសើរមួយកម្រិតទៀត បន្ទាប់ការងារកសិកម្មមួយចំនួនផ្សេងទៀតរបស់គាត់ ដូចជាការដាំដុះដំឡូង និងការធ្វើស្រែជាដើម។
លោកប្រធានសមាគម បានឲ្យដឹងថា បច្ចុប្បន្នទឹកឃ្មុំព្រៃមណ្ឌលគិរី បែងចែកតម្លៃលក់ជា៣ប្រភេទ ក្នុងនោះចំណុះ ២៥០ក្រាម តម្លៃ៧ដុល្លារ, ចំណុះ៤៥០ក្រាម តម្លៃ១៣ដុល្លារ និងចំណុះ៥០០ក្រាម តម្លៃ ១៤ដុល្លារ ក្នុងមួយដប/កែវ។
លោកបន្តថា ឆ្នាំនេះការប្រមូលផលទឹកឃ្មុំព្រៃមណ្ឌលគិរី បានប្រមាណ ១០០តោន។ ក្នុង១ឆ្នាំ ការប្រមូលផលទឹកឃ្មុំសុទ្ធ គឺមានចំនួនតែ១ដងប៉ុណ្ណោះ គឺចាប់ពីខែមីនា ដល់ខែមិថុនា ខណៈចាប់ពីខែមិថុនាទៅ គឺជាប្រភេទទឹកឃ្មុំ ខែវស្សា ដែលមានជាតិទឹកច្រើន។
ការប្រមូល និងផលិតទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានធ្វើឡើងដោយសហគមន៍ចំនួន១១ ក្នុងខេត្តមណ្ឌលគិរី ដែលមានសមាជិកប្រមាណជាង ២ពាន់គ្រួសារ។
សូមបញ្ជាក់ថា ទឹកឃ្មុំព្រៃមណ្ឌលគិរី ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ កាលពីថ្ងៃទី២៧ ខែមីនាកន្លងទៅ ក្នុងគោលបំណងដើម្បីផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញាដល់សមាគមអភិរក្សឃ្មុំព្រៃខេត្តមណ្ឌលគិរី ដែលជាម្ចាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្រោមច្បាប់ស្តីពី ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៃកម្ពុជា និងដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” នៅលើទីផ្សារជាតិ និងអន្តរជាតិ។ ការចុះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក៏ជាការផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” ចូលរួមអភិរក្សតំបន់ព្រៃការពារ និងធនធានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ រួមទាំងបង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាព ប្រជាកសិករក្នុងតំបន់នេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី