ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់យ៉ាងហោចណាស់ ១៦៤នាក់ហើយ ខណៈយ៉ាងតិច ៩៧១នាក់បានរងរបួស ក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លាចំនួន ២ ដែលបានកើតមាននៅប្រទេសវ៉េណេស៊ុយអេឡា។
លោកស្រីប្រធានាធិបតីស្ដិទីរូបនេះ បាននិយាយនៅមុននេះថា មនុស្ស ៣២នាក់បានបាត់បង់ជីវិត ហើយជាង ៧០០នាក់បានរងរបួស បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ កាលពីល្ងាចថ្ងៃពុធ តែបានព្រមានថា ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើង។
គ្រោះរញ្ជួយដីទាំងនេះ គឺជាគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបំផុតលើកដំបូង ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡា ក្នុងរយៈពេលជាង ១សតវត្សរ៍។ មនុស្សបានរត់ចេញពីអគារ ដែលនៅឆ្ងាយរហូតដល់ព្រៃអាម៉ាហ្សូនរបស់ប្រេស៊ីល ដោយមានចម្ងាយប្រហែល ១.៧០០គីឡូម៉ែត្រ ពីរដ្ឋធានីការ៉ាកាសរបស់វ៉េណេស៊ុយអេឡា។
ខណៈប្រតិបត្តិការជួយសង្គ្រោះកំពុងបន្ត រូបភាពវីដេអូតាមកញ្ចក់ទូរទស្សន៍រដ្ឋ បានបង្ហាញឲ្យឃើញកុមារនៅមានជីវិត ៣នាក់ ត្រូវបានទាញចេញពីគំនរបាក់បែក នៅក្នុងរដ្ឋ La Guaira ដែលលោកស្រី Rodriguez បានពិពណ៌នាថា ជា តំបន់ «មហន្តរាយ« និងជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយរញ្ជួយនេះ។
លោកស្រី Rodriguez បានប្រកាសគ្រាអាសន្ន នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ កាលពីយប់ថ្ងៃពុធ ដោយលើកឡើងថា រញ្ជួយដីទាំងនេះបានបង្កឲ្យមានការខូចខាតនៅក្នុងរដ្ឋជាច្រើន។ លោកស្រីបានស្នើសុំឲ្យអ្នកជំនាញថែទាំសុខភាពរាយការណ៍ទៅកាន់មន្ទីរពេទ្យនានា ដើម្បីផ្ដល់ជំនួយដល់អ្នករងរបួស៕



