ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យក្រុមហ៊ុនធុរកិច្ច និងវិនិយោគិនជប៉ុន ព្រមទាំងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តកិច្ចសម្របសម្រួលដ៏ល្អប្រសើរ ក្នុងការជំរុញសកម្មភាពធរុកិច្ច ពាណិជ្ជកម្ម និងវិនិយោគជប៉ុនបន្ថែមទៀត ស្របពេលដែលកម្ពុជាមានវិស័យសក្តានុពលជាច្រើនទៀត។
ថ្លែងក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ ឯកឧត្តម Fumiaki TAKASHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា(JCA) ព្រមទាំងគណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃទី២៧ មេសា ម្សិលមិញនេះ។
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានជម្រាបជូនភ្ញៀវអំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការសម្រួល និងធ្វើឱ្យប្រសើរឡើងនូវបរិយកាសធុរកិច្ច-វិនិយោគនៅកម្ពុជា និងបានលើកឡើងពីការគាំទ្ររបស់ក្រសួងពាណិជ្ជកម្មដល់ធុរកិច្ចនៅកម្ពុជា តាមរយៈការសម្រួលការចុះបញ្ជីម៉ាកដល់ក្រុមហ៊ុនធុរកិច្ចនានា ការជំរុញការធ្វើធរុកិច្ចលើផលិតផលសក្តានុពលនានានៅកម្ពុជា រួមមានកសិដ្ឋានចិញ្ចឹមដង្កូវនាងសម្រាប់បម្រើដល់ការផលិតគ្រឿងសំអាង និងផលិតផលកសិកម្មមានសក្តានុពលដទៃទៀត។
ជាការឆ្លើយតប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការរក្សាបាននូវកំណើនពាណិជ្ជកម្មទ្វេភាគីដ៏ល្អប្រសើរ ទោះបីកន្លងមកប្រទេសទាំងពីរស្ថិតក្នុងកាលៈទេសៈលំបាក ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។
ទន្ទឹមនឹងនេះ គណៈប្រតិភូពាណិជ្ជកម្ម-វិនិយោគជប៉ុន បានសម្តែងការពេញចិត្ត និងអរគុណជូនចំពោះ ឯកឧត្តមរដ្ឋមន្រ្តី និងគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដែលបានផ្តល់ពេលវេលាជម្រាបជូនអំពីកិច្ចសម្រួលដល់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសការបន្តសម្របសម្រួលរវាងក្រសួងពាណិជ្ជកម្ម ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងធុរកិច្ច-វិនិយោគិនជប៉ុន សំដៅជំរុញ បន្ថែមនូវការវិនិយោគ ព្រមទាំងធ្វើពាណិជ្ជកម្មលើទំនិញ និងវិស័យសក្តានុពលដទៃទៀតរបស់កម្ពុជា។
ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាអំពីវឌ្ឍនភាពទូទៅដទៃទៀតពាក់ព័ន្ធនឹងការរៀបចំច្បាប់គ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស, គោលនយោបាយកាត់បន្ថយឧស្ម័នកាបូនរយៈពេលវែង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសក្តានុពលដទៃទៀត រួមមាន ការបម្លាស់ប្តូរថាមពលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី