រញ្ជួយដីដ៏ខ្លាំងក្លាមួយ បានកើតមាននៅឆ្នេរសមុទ្រភាគខាងជើងរបស់ជប៉ុន នៅថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) នេះ ប៉ុន្តែទីភ្នាក់ងារឧតុនិយមរបស់ប្រទេសនេះ បានបញ្ជាក់ថា គ្មានហានិភ័យពីការមានរលកយក្សស៊ូណាមិឡើយ។
ទីភ្នាក់ងារឧតុនិយមរបស់ជប៉ុននេះ បានឲ្យដឹងថា រញ្ជួយដីនេះមានកម្រិត ៧,២រ៉ិចទ័រ ហើយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Iwate ជាការដំឡើងពីកម្រិតដំបូង ៦,៩រ៉ិកទ័រ។ ទីភ្នាក់ងារនេះបានបន្ថែមថា ការរញ្ជួយនេះមានជម្រៅប្រហែល ៥០គីឡូម៉ែត្រ។ ទីភ្នាក់ងារស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) ក៏បានរាយការណ៍ផងដែរពីកម្រិត ៦,៩រ៉ិចទ័រ។
ការរញ្ជួយនេះបានកើតឡើងនៅក្នុងតំបន់មួយដែលមានការរាយការណ៍ម្តងហើយម្តងទៀត អំពីគ្រោះរញ្ជួយដីខ្លាំងៗ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងនោះរួមទាំងការរញ្ជួយដែលបានបង្កឲ្យមានការព្រមានអំពីការរញ្ជួយដីដ៏ធំរយៈពេលមួយសប្តាហ៍ កាលពីខែធ្នូឆ្នាំមុនផងដែរ។
រញ្ជួយដីដែលបានវាយប្រហារតំបន់ភាគឦសានរបស់ជប៉ុន ក្នុងអំឡុងពេលម៉ោងមមាញឹក នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ក៏បានអង្រួនទីក្រុងតូក្យូបន្តិចបន្តួចផងដែរ។ អ្នកនាំពាក្យរដ្ឋាភិបាលជាន់ខ្ពស់ លោក Minoru Kihara បានឲ្យដឹងថា មិនមានរបាយការណ៍ភ្លាមៗឡើយ អំពីអ្នករងរបួស ឬការខូចខាត៕

