ភ្លៀងធ្លាក់ខ្លាំងបណ្តាលមកពីព្យុះទីហ្វុងឆ្លងកាត់ បណ្តាលឲ្យមានការជន់លិចនៅទីក្រុងតៃប៉ិ និងតំបន់ភាគខាងត្បូងកោះតៃវ៉ាន់នាថ្ងៃព្រហស្បតិ៍ ។
បើទោះបីជាព្យុះទីហ្វុង Mekkhala ដែលកំពុងបោកបក់ឆ្ពោះទៅកាន់ប្រទេសជប៉ុន ពុំបោកបក់ដល់ដីគោកដោយផ្ទាល់នៅកោះតៃវ៉ាន់ក៏ដោយ ចំហាយព្យុះបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើនលើកោះមួយនេះ ជាពិសេសនៅទីក្រុង Kaohsiung និងទីក្រុង Pingtung ដែលស្ថិតនៅភាគខាងត្បូងកោះ ។
ម្ចាស់ហាងដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនិយាយថា ទឹកជំនន់ចាប់ផ្តើមកើតមានកាលពីវេលាម៉ោង ៤ព្រឹកទាបភ្លឺ ម៉ោងក្នុងស្រុកថ្ងៃព្រហស្បតិ៍នេះ ស្ថិតក្នុងស្រុក Qishan ជិតភ្នំក្នុងទីក្រុង Kaohsiung ។
លោកបន្តថា ទឹកបានស្រកទៅវិញ ពេលដែលភ្លៀងរាំង ប៉ុន្តែទឹកជំនន់កើតមានម្តងទៀត ពេលដែលភ្លៀងចាប់ផ្តើមឡើងវិញ ។
ពុំទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ មកទល់នឹងពេលនេះ ប៉ុន្តែភ្លៀងធ្លាក់ ត្រូវបានគេព្យាករថា នឹងបន្តកើតមាននៅកោះតៃវ៉ាន់យ៉ាងហោចក៏រហូតដល់សប្តាហ៍ក្រោយដែរ ៕

