វិមានក្រឹមឡាំងនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាទីក្រុងមូស្គូនឹងពិនិត្យមើលជម្រើសផ្លូវច្បាប់របស់ខ្លួន ហើយនិងប្រើកម្លាំងពេញទំហឹងរបស់ពួកគេបើសិនជាប្រេងឆៅរុស្ស៊ីពីនាវាដែលត្រូវបានរឹបអូសដោយអង់គ្លេសកាលពីដើមខែនេះត្រូវបានប្រើប្រាស់សម្រាប់ផ្តល់មូលនិធិដល់អ៊ុយក្រែន។ អ្នកនាំពាក្យវិមានក្រឹមឡាំងលោកDmitry Peskov និយាយថា ច្បាស់ណាស់ថា មាននូវជម្រើសផ្លូវច្បាប់ត្រូវឆ្លើយតប។ ពួកយើងកំពុងពិនិត្យមើលវា ហើយស្ថានភាពនឹងត្រូវវាយតម្លៃ ។ លោកបន្តថា ដរាបណាជម្រើសផ្លូវច្បាប់និងលទ្ធភាពវិវាទនៅមាន វានឹងត្រូវប្រើប្រាស់ក្នុងកម្រិតអតិបរមាចំពោះអ្នកដែលសម្រេចចិត្តបែបនេះក៏ដូចជាអ្នកដែលនឹងទិញ និងលក់ប្រេងទាំងនេះ គ្មាននរណាម្នាក់ ត្រូវមន្ទិលសង្សយចំពោះរឿងមួយនេះទេ។ កាសែត Telegraph រាយការណ៍ថារដ្ឋមន្រ្តីអង់គ្លេស អាចនឹងរៀបចំការដេញថ្លៃ ដើម្បីលក់ប្រេងឆៅរុស្ស៊ីទម្ងន់១០ម៉ឺនតោននៅលើនាវា Smyrtos ដែលជាកងនាវាស្រមោលសង្ស័យរបស់រុស្ស៊ីត្រូវបានស្កាត់ចាប់ដោយកងកម្លាំងអង់គ្លេសនៅផ្លូវទឹក Channelកាលពីថ្ងៃទី ១៤ ខែមិថុនា ៕

