ភ្នំពេញ៖ កម្ពុជាត្រូវតែមានប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព និងចីរភាព ដើម្បីអាចទ្រទ្រង់ ដល់កិច្ចដំណើរការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ព្រមទាំងអាចកសាងបាននូវភាពធន់ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈទាំងមូល នៅក្នុងរយៈពេលវែង។
ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២២ នេះថា សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មីនេះ មានលក្ខណៈជាក្របខណ្ឌគតិយុត្តគោល សម្រាប់គ្រប់គ្រងការអនុវត្តថវិកាព័ត៌មាន សមិទ្ធកម្ម ដែលជាធាតុផ្សំដ៏សំខាន់ នៃគណនេយ្យសមិទ្ធកម្ម ក៏ដូចជាការងារផ្សេងទៀត ពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ ក្នុងយុគសម័យទំនើប។
ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់គោលដ៏មានសារៈសំខាន់នេះ កាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា, មានភាពបត់បែន និងងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិការណ៍កម្ពុជាសម្រាប់រយៈពេលវែងទៅមុខ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់នេះឡើង ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់ក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ដែលជាតួអង្គនៅក្នុងអនុវត្តថវិកា ក្នុងគោលដៅកសាងនូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលប្រកបដោយប្រសិទ្ធភាព ក្នុងការប្រើប្រាស់ធនធានហិរញ្ញវត្ថុសាធារណៈ ដើម្បីទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម។
ឯកឧត្តម បន្តថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាផ្នែកមួយយ៉ាងសំខាន់ សម្រាប់គាំទ្រដល់ការស្តារ និងការកសាងភាពធន់របស់កម្ពុជា សម្រាប់រយៈពេលវែងទៅមុខ ដែលកិច្ចការនេះកាន់តែមានទំងន់ និងកាន់តែមានភាពបន្ទាន់ថែមទៀត ពិសេស ក្នុងបរិការណ៍បច្ចុប្បន្ន ដែលពិភពលោកទាំងមូល ក៏ដូចជាកម្ពុជា បាននិងកំពុងស្ថិតក្នុងបរិការណ៍ក្រោយនៃវិបត្តិជំងឺកូវីដ-១៩ ។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងបន្តថា សេចក្តីព្រាងច្បាប់នេះ កំណត់អំពីគោលការណ៍ជាមូលដ្ឋាន សម្រាប់គ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការរៀបចំច្បាប់ហិរញ្ញវត្ថុ ជាពិសេសជំហាននីមួយៗនៃដំណើរការរៀបចំអនុម័ត អនុវត្ត និងការត្រួតពិនិត្យលទ្ធផលថវិកា ព្រមទាំងការកំណត់មុខងារ និងការទទួលខុសត្រូវ របស់តួអង្គពាក់ព័ន្ធ ដើម្បីសម្រេចបាននូវភាពជឿទុកចិត្តថវិកា គណនេយ្យភាពហិរញ្ញវត្ថុ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម សំដៅធានាប្រសិទ្ធភាពនិងចីរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច និងសមធម៌សង្គម៕ អត្ថបទ៖ សុន រ៉ាឌី