
តម្លៃប្រេងបន្តធ្លាក់មកនៅកម្រិតដែលគេបានមើលឃើញកាលពីមុនការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់ ស្របពេលការរំពឹងទុកចំពោះការផ្គត់ផ្គង់កើនឡើងពីតំបន់មជ្ឈិមបូព៌ា មានច្រើនជាងក្តីបារម្ភតម្រូវការ ។
តម្លៃប្រេងឆៅដែលត្រូវចែកចាយសម្រាប់ខែសីហា បានធ្លាក់ថ្លៃចំនួន ១,០៦ដុល្លារ មកនៅត្រឹម ៧២,៦៨ដុល្លារ ក្នុង ១បារ៉ែល គិតត្រឹមវេលាម៉ោង ៦ និង ៣៩នាទី ម៉ោងសកលថ្ងៃព្រហស្បតិ៍នេះ ខណៈប្រេងឆៅសហរដ្ឋអាមេរិក WTI ធ្លាក់ថ្លៃចំនួន ៧៦សេន មកនៅត្រឹម ៦៩,៥៨ដុល្លារ ក្នុង ១បារ៉ែល ។ ការធ្លាក់ថ្លៃប្រេងឆៅទាំង ២នេះ ឈានដល់កម្រិតទាបបំផុត ចាប់តាំងពីថ្ងៃទី ២៧ ខែកុម្ភៈ រហូតមក ។
គួរឲ្យដឹងថា រដ្ឋលេខាធិការថាមពលសហរដ្ឋអាមេរិកលោក Chris Wright និយាយថា ប្រេងឆៅប្រហែល ២០លានបារ៉ែលបានចាកចេញពីច្រកសមុទ្រ Hormuz ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ស្របពេលដែលនាវាដឹកប្រេងបន្តធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ សម្រាប់ការផ្គត់ផ្គង់តំបន់មជ្ឈិមបូព៌ា ។
ពេលសួរថាតើប្រេងប៉ុន្មានបារ៉ែល បានចាកចេញពីច្រកសមុទ្រ បន្ទាប់ពីកិច្ចព្រមព្រៀងដំបូងរបស់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមពួកគេ លោក Wright និយាយប្រាប់វេទិកាថាមពលសកលទីភ្នាក់ងារព័ត៌មានរ៉យទ័រថា លោកអាចនិយាយបានថា នាវា ៧២គ្រឿង បានឆ្លងកាត់ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ហើយនិងមានផ្ទុកប្រេង ២០លានបារ៉ែល ។
លោកបន្តថា អ៊ីរ៉ង់មិនអាចបិទច្រកសមុទ្រ Hormuz បានទេនៅពេលអនាគត ។ នោះគឺជារឿងសំខាន់ នោះគឺជាឥទ្ធិពលសំខាន់របស់ពួកគេ ហើយពួកយើងនឹងយកឥទ្ធិពលចេញពីពួកគេ ។
គួររំឭកថា ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រដ៏តូចចង្អៀតមួយនេះ ជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ ត្រូវបានបិទអស់រយៈពេលជាច្រើនខែមកហើយ ដោយសារជម្លោះ ធ្វើឲ្យអាក់ខានដល់លំហូរប្រេងឆៅប្រហែល ១ភាគ ៥នៃប្រេងឆៅរបស់ពិភពលោក ៕