
រដ្ឋមន្រ្តីរបស់រដ្ឋាភិបាលសហភាពអឺរ៉ុប(EU) បានជួបជុំគ្នាសម្រាប់កិច្ចប្រជុំរយៈពេលពេញមួយថ្ងៃ ដើម្បីពិភាក្សាលើគោលនយោបាយបម្រែបម្រួលអាកាសធាតុនាថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែអ្វីដែលជារឿងគួរឲ្យភ្ញាក់ផ្អើលនោះ គឺអ្នកដែលចូលរួមជំនួបមួយនេះគឺជាទារកប្រុសអាយុទើប ៣ខែ ។
រដ្ឋមន្រ្តីអាកាសធាតុស៊ុយអែតលោកស្រី Romina Pourmokhtari បាននាំកូនប្រុស Adam មកចូលរួមជំនួបក្រុមប្រឹក្សា EU នៅប្រទេសលុចសំបួរ ដើម្បីឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់គោលនយោបាយឈប់សម្រាកឪពុកម្តាយដែលមិនបង្ខំស្រ្តីឲ្យជ្រើសរើសរវាងការងារ និងទំនួលខុសត្រូវគ្រួសារ ។
មន្រ្តីមួយរូបរបស់ក្រុមប្រឹក្សា EU និយាយថា វាគឺជាលើកដំបូងហើយដែលទារកបានចូលរួមជំនួបថ្នាក់រដ្ឋមន្រ្តី EU ។
លោកស្រី Pourmokhtari វ័យ ៣០ឆ្នាំ គឺជារដ្ឋមន្រ្តីរដ្ឋាភិបាលវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តស៊ុយអែត ពេលដែលលោកស្រី ឡើងកាន់តំណែងកាលពីឆ្នាំ ២០២២ ។
លោកស្រីទើបតែវិលត្រឡប់ពីការឈប់សម្រាកមាតា ខណៈស្វាមីរបស់លោកស្រី កំពុងឈប់សម្រាក រហូតដល់ការបោះឆ្នោតរបស់ស៊ុយអែត នៅខែកញ្ញាខាងមុខ ហើយលោកបានធ្វើដំណើរជាមួយលោកស្រី មកកាន់ប្រទេសលុចសំបួរ ដើម្បីមើលថែកូនប្រុស Adam ។
ស៊ុយអែតស្ថិតក្នុងចំណោមប្រទេសមានគោលនយោបាយឈប់សម្រាកឪពុកម្តាយសប្បុរសបំផុតរបស់ពិភពលោក ដែលត្រូវបានផ្តល់មូលនិធិដោយប្រព័ន្ធពន្ធខ្ពស់របស់ប្រទេសមួយនេះ និងជាចំណុចរបត់នយោបាយមួយនៅក្នុងយុទ្ធនាការបោះឆ្នោត ៕