ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានអំពាវនាវអោយបណ្តាអាជីវកម្មទាំងអស់ក្នុងវិស័យទេសចរណ៍ បន្តទៅធ្វើអាជ្ញាប័ណ្ណទេសចរណ៍ ដើម្បីបន្តសុពលភាពអាជីវកម្មខ្លួនក្នុងឆ្នាំ២០២២នេះ ទាំងអស់គ្នា ខណៈការធ្វើអាជ្ញាប័ណ្ណនោះ រាជរដ្ឋាភិបាលបន្តការលើកលែងដោយមិនមានការយកថ្លៃនោះទេ។
បើតាមឯកឧត្តម សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី២៨ខែមេសានេះថា នៅក្នុងអំឡុងពេលនេះ កម្ពុជាជួបជំងឺរាតត្បាតកូវីដ១៩ គឺមានអាជីវកម្មទេសចរណ៍ប្រមាណជាង ៣០០០ទីតាំង ដែលបានបិទបណ្តោះអាសន្ន ហើយគិតចាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសវិញនៅខែវិច្ឆិកាឆ្នាំ២០២១ រហូតមកដល់ដំណាច់ខែមីនាឆ្នាំ២០២២នេះ គឺមានអាជីវកម្មទេសចរណ៍ប្រមាណជាង ១៧០០អាជីវកម្ម បានកំពុងបើកដំណើរការ ហើយនៅសល់អាជីវកម្មទេសចរណ៍ ១ ៤២៩ទីតាំងបន្តរងប៉ះពាល់មិនទាន់បានបើកដំណើរការវិញ។
ឯកឧត្តម សុង តុងហាប់ បញ្ជាក់ថា នៅក្នុងចំណោមអាជីវកម្មដែលបានបើកដំណើរវិញនោះ គឺមានអាជីវកម្មប្រមាណ ៤០%បានស្នើបន្តសុពលភាពអាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍ឥតគិតថ្លៃសេវា ដែលបញ្ហានេះ ឯកឧត្តម ក៏បានស្នើអាជីវកម្មទេសចរណ៍ផ្សេងៗទៀតត្រូវទៅបន្តសុពលភាពអាជ្ញាប័ណ្ណបន្តអាជីវកម្មទាំងអស់គ្នានេះ។
បើតាមអ្នកគ្រប់គ្រងភោជនីយដ្ឋានខេម៉ា លោកស្រី សុខ ខន្តី ថ្លែងថា សម្រាប់ការធ្វើអាជ្ញាប័ណ្ណបន្តសុពលភាពដំណើការអាជីវកម្មទេសចរណ៍ឆ្នាំ២០២២ គឺភោជនីយដ្ឋានលោកស្រី បានធ្វើរួចហើយ ហើយរាជរដ្ឋាភិបាលមិនយកប្រាក់កម្រៃសេវា និងប្រាក់ពន្ធណានោះទេ។
បើតាមការបញ្ជាក់ពីឯកឧត្តម សុង តុបហាប់ បានឱ្យដឹងថា ការមិនយកប្រាក់កម្រៃសេវាការធ្វើអាជ្ញាប័ណ្ណបន្តសុពលភាពអាជីវកម្មទេសចរណ៍នេះ គឺបានធ្វើអោយជាតិ បាត់បង់ចំណូល ប្រមាណជាង ៣០០០រៀល ក្នុងមួយឆ្នាំៗដោយសារការរាតត្បាតកូវីដ១៩។
ឯកឧត្តម បន្តថា ទោះយ៉ាងណានៅក្នុងឆ្នាំ២០២១កន្លងមក រាជរដ្ឋាភិបាលក៏ទទួលបានចំណូលជាតិខ្លះៗដែរ លើការផ្តល់អាជ្ញាប័ណ្ណអាជីវកម្មទេសចរណ៍ដែលបានបើកថ្មីបន្ថែមដែលមានប្រមាណជាង១៥%៕អត្ថបទ ស៊ុម សុខជា