
សេចក្តីស្នើច្បាប់របស់អ៊ីស្រាអែលនឹងពង្រីកការគ្រប់គ្រងស៊ីវិលលើទីតាំងបុរាណមួយចំនួននៅតំបន់វ៉េសប៊ែង បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីប៉ាឡេស្ទីន ហើយនិងក្រុមសិទ្ធិមនុស្សអ៊ីស្រាអែលដែលនិយាយថា វាស្មើនឹងការដាក់បញ្ចូលដីកាន់កាប់ជាឧបសម្ព័ន្ធរបស់ខ្លួន ហើយនិងបង្កើនការតាំងលំនៅនិគមន៍របស់ជនជាតិជ្វីហ្វ ។
សេចក្តីស្នើច្បាប់ “អាជ្ញាធរបេតិកភណ្ឌនៅតំបន់ Judea និង Samaria” ត្រូវបានអនុម័តជាមួយសំឡេងឆ្នោត ១ភាគ៣ នៅសភាអ៊ីស្រាអែល កាលពីខែឧសភាកន្លងទៅ ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើការបោះឆ្នោតផ្តាច់ព្រ័ត្រ មានបានធ្វើឡើងដែរឬទេមុនពេលរំលាយសភា ដែលនាំឲ្យមានការបោះឆ្នោតតាមការរំពឹងទុកនៅថ្ងៃទី ២៧ ខែតុលា ខាងមុខនេះ ។
សេចក្តីស្នើច្បាប់នេះ នឹងនាំឲ្យទីតាំងក្នុងយុគសម័យរ៉ូម៉ាំង ប៊ីហ្សីនទីន និងយុគសម័យសង្គ្រាមសាសនា មកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបេតិកភណ្ឌអ៊ីស្រាអែល ហើយនិងអនុញ្ញាតឲ្យមានការ រឹបអូស និងទិញអចលនទ្រព្យដែលពាក់ព័ន្ធ នៅតំបន់វ៉េសប៊ែង ។
នៅពេលសំណើច្បាប់មួយនេះ ចូលជាធរមាន វានឹងលុបចោលការត្រួតត្រាទីតាំងបុរាណមួយចំនួនពីសំណាកអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិចដែលបានគ្រប់គ្រងទីតាំងទាំងនោះ ក្រោមកិច្ចព្រមព្រៀងសន្តិភាព Oslo ទសវត្សរ៍ឆ្នាំ ១៩៩០ ។
លោក Hani Al-Hayek គឺជារដ្ឋមន្រ្តីទេសចរណ៍របស់អាជ្ញាធរប៉ាឡេស្ទីន និយាយថា ការគ្រប់គ្រងទីតាំងបុរាណទាំងនេះ មានគោលបំណងពង្រីកការគ្រប់គ្រង និងពង្រីកការតាំងលំនៅនិគមន៍ នៅតំបន់ទាំងនោះ ដែលស្ថិតចូលជ្រៅទៅក្នុងដែនដីប៉ាឡេស្ទីន ៕