ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកតាមគំនរបាក់បែក ដើម្បីជួយសង្គ្រោះជីវិតបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាចំនួនពីរជាប់ៗគ្នាវាយប្រហារប្រទេសវ៉េណេស៊ុយអេឡានៅជិតរដ្ឋធានី ដែលអ្នកស្លាប់បានកើនឡើងដល់១៨៨នាក់ និងរបួសជាង១.៥០០នាក់។

នៅរដ្ឋធានី ការ៉ាកាស (Caracas) និងទីក្រុងឆ្នេរសមុទ្រ ឡាហ្គយរ៉ា (La Guaira) ក្បែរនោះ គេបាន ឮសំឡេងស្រែកសុំជំនួយពីក្រោមគំនរបាក់បែកនៃអគារដែលដួលរលំ។

យោងតាមការស្ទង់ភូគព្ភសាស្ត្រអាមេរិក(USGS)ការរញ្ជួយដីដំបូងមានកម្រិត ៧,២ រ៉ិចទ័រ ប៉ុន្មានវិនាទីក្រោយមកមានការរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រដ៏ខ្លាំងក្លាជាងនេះមួយទៀតបានកើតឡើង ដោយការរញ្ជួយទាំងពីរបានកើតឡើងនៅជិតផ្ទៃខាងលើ ដែលធ្វើឱ្យការបំផ្លិចបំផ្លាញកាន់តែធ្ងន់ធ្ងរ។
មនុស្សជាច្រើននាក់ទៀតត្រូវគេបារម្ភថាស្លាប់ ដោយអ្នកផ្សេងទៀតគ្មានផ្ទះសម្បែង ឬខ្លាចពេកក្នុងការស្នាក់នៅក្នុងអគារដែលខូចខាត និងមិនមានសុវត្ថិភាព កំពុងសម្រាកនៅតាមដងផ្លូវបន្ទាប់ពីគ្រោះមហន្តរាយ។ការរញ្ជួយដីបានវាយប្រហារនៅម៉ោង១៨:៤នាទីម៉ោងក្នុងស្រុកកាលពីថ្ងៃពុធសប្ដាហ៍នេះ និងស្របពេលជាថ្ងៃឈប់សម្រាកជាតិនៅវ៉េណេស៊ុយអេឡា មានន័យថាមនុស្សកាន់តែច្រើននៅផ្ទះជាងថ្ងៃធ្វើការធម្មតា។ការរញ្ជួយដីទាំងពីរលើកនេះមានលក្ខណៈរាក់ លើកទីមួយមានចំណុចកណ្តាលនៅជម្រៅ២០,៣ គីឡូម៉ែត្រក្រោមផ្ទៃខាងលើ និងលើកទីពីរមានជម្រៅ១០ គីឡូម៉ែត្រ នេះបើយោងតាម USGS។
លោក Jorge Rodríguez ប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់បានកើនឡើង បន្ទាប់ពីប្រធានាធិបតីស្តីទីរបស់ប្រទេសនេះ គឺលោកស្រី Delcy Rodríguez បានប្រកាសពីស្ថានភាពគ្រាអាសន្ន។
ប្រទេសជាច្រើនបានសន្យាថានឹងជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយសហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន១៥០ លានដុល្លារ៕

