យ៉ាងហោចណាស់ជនជាតិអឺរ៉ុប ១០១ លាននាក់បានរងកម្ដៅខ្លាំងជាង៣៥ អង្សាសេកាលពីថ្ងៃព្រហស្បតិ៍២៥មិថុនាសប្ដាហ៍នេះ ខណៈមនុស្សជាច្រើននាក់ត្រូវគេគិតថាបានស្លាប់ដោយសាររលកកម្ដៅ។ បារាំង និងអេស្ប៉ាញ ស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត បានចាប់ផ្ដើមរាប់ចំនួនអ្នកស្លាប់ដោយសារសីតុណ្ហភាពក្ដៅខ្លាំង រួមទាំងក្មេងប្រុសអាយុបីឆ្នាំម្នាក់ដែលជាប់ក្នុងរថយន្តគ្រួសាររបស់គេ។

ប្រភពពីសារព័ត៌មាន AFP ដែលផ្អែកលើការព្យាករណ៍ពីសេវាអាកាសធាតុអាល្លឺម៉ង់ និងការព្យាករណ៍ចំនួនប្រជាជនឆ្នាំ ២០២៥ ពីមជ្ឈមណ្ឌលស្រាវជ្រាវរួមអឺរ៉ុបបានបង្ហាញថា មនុស្សជាង៣៨០លាននាក់នឹងប្រឈមសីតុណ្ហភាពលើសពី៣០អង្សាសេ។

នៅអេស្ប៉ាញ ជាទីដែលកំណត់ត្រាសីតុណ្ហភាពថ្មីត្រូវបានបង្កើតសម្រាប់ខែមិថុនា ប្រព័ន្ធត្រួតពិនិត្យអត្រាមរណភាពរបស់ MoMo បាននិយាយថា មានការស្លាប់ចំនួន ២១២ នាក់ក្នុងរយៈពេល៤ថ្ងៃ រវាងថ្ងៃអាទិត្យនិងថ្ងៃពុធ សប្ដាហ៍នេះ អាចជាប់ពាក់ព័ន្ធនឹងកម្ដៅ។
ការស្លាប់បីនាក់ក្នុងតំបន់ Pas-de-Calais ភាគខាងជើងប្រទេសបារាំង ទំនងជាបណ្តាលមកពីកម្ដៅ ខណៈរដ្ឋអាជ្ញាម្នាក់និយាយថា ក្មេងប្រុសអាយុបីឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តមួយគ្រឿងនៅជាយក្រុងប៉ារីស ជាទីដែលសីតុណ្ហភាពឡើងដល់ ៤០អង្សាសេ កាលពីថ្ងៃពុធ។
នៅអ៊ីតាលី តុលាការនៅទីក្រុង Palermo តំបន់ Sicily និយាយថា ពួកគេកំពុងផ្អាកការសវនាការមិនបន្ទាន់ទាំងអស់រហូតដល់ថ្ងៃទី ២៩ ខែមិថុនា ដោយសារតែម៉ាស៊ីនត្រជាក់ដំណើរការខុសប្រក្រតី ខណៈសហជីពគ្រូបង្រៀននៅបារាំងបានអំពាវនាវឱ្យធ្វើកូដកម្មលើលក្ខខណ្ឌការងារដែលមិនអាចទទួលយកបាន។
ហូឡង់បានចេញការព្រមានពណ៌ក្រហមជាលើកដំបូងសម្រាប់កម្ដៅ ដោយសីតុណ្ហភាពត្រូវបានព្យាករណ៍ថានឹងឡើងដល់ ៤០អង្សាសេនៅកន្លែងមួយចំនួន។ប៉ុន្តែនៅទីក្រុងព្រុចសែល ប្រជាពលរដ្ឋបានត្អូញត្អែរអំពីកង្វះខាតកន្លែងហែលទឹកសាធារណៈនៅក្នុងរដ្ឋធានីបែលហ្ស៊ិក ដែលធ្វើឱ្យប្រជាពលរដ្ឋពិបាកទ្រាំទ្រ ខណៈសីតុណ្ហភាពបានឡើងដល់ ៤០អង្សាសេ។
នៅអាល្លឺម៉ង់ ជាទីដែលសីតុណ្ហភាពស្ថិតក្នុងកម្រិតខ្ពស់បំផុត ៣០អង្សាសេ ហើយត្រូវគេរំពឹងថានឹងឡើងដល់ ៤០អង្សាសេពេញមួយចុងសប្តាហ៍ ព្រឹត្តិការណ៍នៅខាងក្រៅជាច្រើនត្រូវបានលុបចោល៕

