កោះតៃវ៉ាន់បានធ្វើសកម្មភាពយោធាប្រៀបប្រដូចទៅនឹងការបិទផ្លូវសមុទ្ររបស់ចិន ដែលទីក្រុងប៉េកាំងទាមទារការយល់ព្រមសម្រាប់នាវាចូលទៅក្នុងកោះនេះ និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យ ការឡើងលើនាវា និងការរឹបអូសនាវា ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងលើវិធីសាស្ត្រដាក់សម្ពាធមិនមែនយោធា។

មន្ត្រីក្រោះតៃវ៉ាន់បានធ្វើសមយុទ្ធប្រៀបប្រដូចនឹងការឆ្លើយតបវិបត្តិគ្រាសន្នមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីសាកល្បងការឆ្លើយតបទៅនឹងការបិទផ្លូវសមុទ្ររបស់ចិនដែលអាចកើតមាន ដោយប្រើសេណារីយ៉ូមួយដែលទីក្រុងប៉េកាំងព្យាយាមគ្រប់គ្រងលើការដឹកជញ្ជូនឆ្ពោះទៅកាន់កោះនេះ។

សមយុទ្ធនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការភាពធន់ការពារជាតិទាំងមូលរបស់មេដឹកនាំកោះនេះលោក Lai Ching-te និងបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភថា ប្រទេសចិនអាចប្រើប្រាស់វិធានការផ្លូវច្បាប់ និងឆ្មាំល្បាតឆ្នេរ ជាជាងសកម្មភាពយោធាដោយផ្ទាល់ ដើម្បីដាក់សម្ពាធលើតៃវ៉ាន់។

យោងតាមលោក Lii Wen អគ្គលេខាធិការរងក្រុមប្រឹក្សាសន្តិសុខជាតិ សមយុទ្ធនេះបានស្រមៃដល់ស្ថានភាពមួយដែលឆ្មាំល្បាតឆ្នេរចិនប្រកាសថា នាវាដែលចូល និងចាកចេញពីកំពង់ផែតៃវ៉ាន់ ត្រូវតែបំពេញសេចក្តីប្រកាសជាមុនសិនតាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរបស់រដ្ឋាភិបាលចិន។
ក្រោមសេណារីយ៉ូនេះ ប្រទេសចិនបង្កើនសម្ពាធបន្តិចម្តងៗតាមរយៈការត្រួតពិនិត្យ ការឡើងលើនាវា ការស្វែងរក និងសូម្បីតែការរឹបអូសនាវា ដែលរំខានដល់បណ្ដាញផ្គត់ផ្គង់ផ្លូវសមុទ្ររបស់កោះតៃវ៉ាន់។
សមយុទ្ធនេះបានពិនិត្យមើលពីរបៀបដែលសកម្មភាពបែបនេះអាចប៉ះពាល់ដល់ការចូលប្រើប្រាស់ផ្លូវនាំចូល និងផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់កោះនេះ។
ប្រទេសចិនមិនដែលច្រានចោលការប្រើប្រាស់កម្លាំងដើម្បីវាយក្រសោបយកតៃវ៉ាន់មកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះទេ ហើយតែងតែដាក់ពង្រាយយន្តហោះយោធា និងនាវាចម្បាំងនៅជុំវិញកោះនេះ៕