មីយ៉ាន់ម៉ា៖ កាលពីថ្ងៃពុធម្សិលមិញ អ្នកនាំពាក្យរដ្ឋាភិបាលសហភាពមីយ៉ាន់ម៉ា បានធ្វើការច្រានចោលទាំងស្រុង ចំពោះរបាយការណ៍របស់ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ ដែលបានអំពាវនាវឲ្យកាត់ទោសក្រុមឧត្ដមសេនីយ៍កំពូលៗ របស់ប្រទេសមួយនេះពីបទប្រល័យពូជសាសន៍ ដោយលោកបានបញ្ជាក់ថា សហគមន៍អន្តរជាតិបានធ្វើការចោទប្រកាន់ខុសហើយ។
សេចក្ដីអធិប្បាយរបស់លោក បានកើតមានឡើងរយៈពេល ១ថ្ងៃប៉ុណ្ណោះ ក្រោយចេញរបាយការណ៍របស់អង្គការសហប្រជាជាតិ ស្នើសុំឲ្យក្រុមមន្ត្រីកំពូលៗសហភាពមីយ៉ាន់ម៉ា ប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍ ចំពោះការចាត់វិធានការយ៉ាងឃោរឃៅរបស់ពួកគេ លើជនមូស្លីមរ៉ូហ៊ីងយ៉ាកាលពីឆ្នាំមុន។ លោក ហ្ស តាយ គឺជាអ្នកនាំពាក្យដ៏សំខាន់មួយរូប របស់សហភាពមីយ៉ាន់ម៉ាបាននិយាយ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះផ្សាយតាមសារព័ត៌មានរដ្ឋថា “គោលជំហររបស់យើងគឺច្បាស់ក្រឡែត ហើយលោកចង់បញ្ជាក់ឲ្យបានច្បាស់ថា យើងមិនទទួលយកដំណោះស្រាយណាមួយ ធ្វើឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សនោះទេ”។
លោកបានបន្តថា សហភាពមីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យ ក្រុមស៊ើបអង្កេតអង្គការសហប្រជាជាតិ ចូលទៅក្នុងប្រទេសជាដាច់ខាត។ នោះហើយគឺជាហេតុផលដែលយើងមិនឯកភាព និងមិនទទួលយករាល់ដំណោះស្រាយណាមួយ បង្កើតឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស៕
អត្ថបទ៖ សារ៉ាត់