ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៥មិថុនាសប្ដាហ៍នេះថា លោកបានព្រមានអ៊ុយក្រែន កុំឱ្យព្យាយាមអូសទាញប្រទេសរបស់លោកចូលទៅក្នុងសង្គ្រាម។

ស្របពេលកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងតស៊ូដើម្បីរុលទៅមុខ ហើយអ៊ុយក្រែន បាញ់យានដ្រូនទៅលើគោលដៅឆ្ងាយៗនៅក្នុងប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ម្តងហើយម្តងទៀតថា ទីក្រុងមូស្គូ ចង់ឱ្យបេឡារុសចូលរួមកាន់តែច្រើននៅខាងរុស្ស៊ី។

លោកបានបង្កើនហានិភ័យកាលពីសប្តាហ៍មុន ដោយគំរាមបិទស្ថានីយ៍បញ្ជូនសញ្ញានៅក្នុងប្រទេសបេឡារុស ដែលលោកបាននិយាយថា កំពុងជួយយានដ្រូនរបស់រុស្ស៊ីវាយប្រហារអ៊ុយក្រែន។ កាលពីថ្ងៃពុធសប្ដាហ៍នេះដែរ លោកបាននិយាយថា ស្ថានីយ៍ទាំងនោះបានឈប់ដំណើរការ ទោះបីជាមិនមានការបញ្ជាក់ឯករាជ្យក៏ដោយ។

លោក Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅក្នុងការអត្ថាធិប្បាយតាមទូរទស្សន៍ថា តំណាងរបស់លោក Zelenskyy បានទៅទីក្រុង Minsk ថ្មីៗនេះ។
លោក Lukashenko បានលើកឡើងថា រូបលោកបានប្រាប់ពួកគេដោយត្រង់ៗថា ទាំងអស់គ្នា សូមប្រាប់ប្រធានាធិបតីរបស់អ្នកថា ប្រសិនបើគាត់គិតថាគាត់អាចនិយាយជាមួយពួកលោកបែបនោះ ហើយអូសទាញពួកលោកចូលទៅក្នុងសង្គ្រាម នោះគាត់ត្រូវយល់ថា លក្ខណៈនៃសង្គ្រាមនឹងផ្លាស់ប្តូរភ្លាមៗ ដោយបន្ថែមថា ប្រទេសបេឡារុសមិនមានបំណងចង់ប្រយុទ្ធជាមួយអ៊ុយក្រែនទេ៕