ព្យុះត្រូពិក មេខឡា (Mekkhala)បានបង្កការរំខានយ៉ាងធ្ងន់ធ្ងរនៅទូទាំងភាគខាងត្បូងនៃកោះតៃវ៉ាន់ និងផ្នែកខ្លះនៃប្រទេសជប៉ុន ដែលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ និងជំរុញឱ្យរដ្ឋាភិបាលបិទសាលារៀន ផ្អាកជើងហោះហើរ ការធ្វើដំណើរតាមរថភ្លើង និងការិយាល័យ។ ព្យុះនេះបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យសេវាកម្មដឹកជញ្ជូនត្រូវបានផ្អាក និងបានចេញការព្រមានអំពីទឹកជំនន់ និងបំណាក់ដីនៅក្នុងប្រទេសជប៉ុន និងតំបន់តៃវ៉ាន់ ។ មិនមានរបាយការណ៍អំពីអ្នកស្លាប់ និងរបួសនៅកោះតៃវ៉ាន់ទេ។

ព្យុះនេះមិនទាន់បានវាយប្រហារដោយផ្ទាល់នៅលើដីគោកទេ ប៉ុន្តែផលប៉ះពាល់របស់ព្យុះនេះត្រូវបានគេសង្កេតឃើញយ៉ាងទូលំទូលាយ ជាពិសេសនៅក្នុងតំបន់ដូចជា Kaohsiung, Tainan និង Pingtung របស់តៃវ៉ាន់។

ដោយសារភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យមានការរំខានធ្ងន់ធ្ងរ ការិយាល័យ និងសាលារៀននៅក្នុងតំបន់សំខាន់ៗចំនួនបីរបស់តៃវ៉ាន់នៅតែបិទ។ បន្ថែមពីលើបញ្ហារបស់កោះតៃវ៉ាន់ ប្រទេសជប៉ុនកំពុងប្រឈម នឹងការតស៊ូនៃព្យុះនេះ ខណៈចេញការព្រមានអំពីបំណាក់ដី និងទឹកជំនន់ ទន្ទឹមនឹងកំពុងជម្លៀសប្រជាជនរាប់លាននាក់។
ទីភ្នាក់ងារឧតុនិយមជប៉ុនបានគូសបញ្ជាក់ថា ការរួមបញ្ចូលគ្នានៃភ្លៀងធ្លាក់មិនទៀងទាត់ និងខ្យល់ក្តៅ និងសើម បានធ្វើឱ្យភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងលិចរបស់ប្រទេសនេះ។ ចំណែកកោះតៃវ៉ាន់ ទោះពុំទាន់មើលឃើញមានអ្នកស្លាប់ និងរបួសក៏ដោយ នៅតែប្រុងប្រយ័ត្នជាមួយនឹងការជម្លៀសពលរដ្ឋចេញយ៉ាងសកម្មនៅក្នុងតំបន់ងាយរងគ្រោះ៕