ការប្រកួតជុំចុងក្រោយនៃវគ្គចែកពូលក្នុងពូល F នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 បានបញ្ចប់នៅព្រឹកនេះ ដោយក្រុមជម្រើសជាតិហូឡង់បន្តបង្ហាញភាពខ្លាំង ក្រោយយកឈ្នះទុយនីស៊ី ៣-១ ខណៈជប៉ុន និងស៊ុយអែត បញ្ចប់ដោយលទ្ធផលស្មើ ១-១ ដែលធានាឱ្យក្រុមទាំងពីរឡើងទៅវគ្គ ៣២ ក្រុមចុងក្រោយ។
ក្នុងការប្រកួតនៅទីក្រុង Kansas ក្រុមទឹកក្រូចហូឡង់រកបានគ្រាប់បាល់នាំមុខតាំងពីនាទីទី៣ បន្ទាប់ពីខ្សែបម្រើ Ellyes Skhiri របស់ទុយនីស៊ីភ្លាត់ស៊ុតចូលទីខ្លួនឯង។ បន្ទាប់មក Brian Brobbey បន្ថែមគ្រាប់ទី២ នៅនាទីទី៧ មុនពេល Hazem Mastouri តែតបញ្ចូលទីវាយបកឱ្យទុយនីស៊ីនៅនាទីទី៥៤។ ទោះជាយ៉ាងណា ហូឡង់បានបន្ថែមមួយគ្រាប់ទៀតតាមរយៈបាល់បំប៉ោងចូលទីដោយ Anis Slimane ដែលធ្វើឱ្យការប្រកួតបញ្ចប់ដោយលទ្ធផល ៣-១។
លទ្ធផលនេះមានន័យថាហូឡង់បញ្ចប់ពូល F ជាក្រុមលេខមួយមាន ៧ ពិន្ទុឡើងវគ្គ ៣២ ក្រុមចុងក្រោយជួបម៉ារ៉ុកដែលជាក្រុមលេខពីរនៅពូល C។
នៅការប្រកួតមួយទៀត ក្រុមជប៉ុន និងស៊ុយអែត ប្រកួតស្មើគ្នា ១-១។ Daizen Maeda ជាអ្នករកគ្រាប់បាល់ឱ្យជប៉ុននៅនាទីទី៥៦ ប៉ុន្តែ Anthony Elanga បានស៊ុតគ្រាប់បាល់ពីចម្ងាយយ៉ាងស្អាតតាមស្មើភ្លាមៗឱ្យស៊ុយអែត ៥ នាទីបន្ទាប់។
លទ្ធផលនេះគ្រប់គ្រាន់សម្រាប់ជប៉ុនបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ហើយនឹងត្រូវជួបជាមួយសាំបាប្រេស៊ីលនៅវគ្គ ៣២ ក្រុម ខណៈស៊ុយអែតឈរលេខ៣ និងទទួលបានកៅអីទៅវគ្គបន្ទាប់ក្នុងនាមជាក្រុមលេខបីល្អមួយក្នុងចំណោម ៨៕ អត្ថបទ៖នាង សុភាវុធ






