យោងតាមការប៉ាន់ស្មានបឋមពីការស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាជាបន្តបន្ទាប់ដែលបានវាយប្រហារប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃពុធ អាចបណ្តាលឱ្យខាតបង់សេដ្ឋកិច្ចស្មើនឹង៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។

ការវាយតម្លៃដំបូងដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានប៉ាន់ប្រមាណថា ការខាតបង់អាចមានចន្លោះពី១ ទៅ៧ភាគរយនៃផលិតផលក្នុងស្រុកសរុបចំនួន១១១ពាន់លានដុល្លាររបស់ប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីពីរលើកក្នុងកម្រិត ៧,២ និង៦,៥ រ៉ិចទ័រ បានវាយប្រហារចម្ងាយប្រហែល ១៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានីការ៉ាកាសកាលពីរសៀលថ្ងៃពុធ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជាង២៣០នាក់ស្លាប់ និងរបួសជាង៤ពាន់នាក់។

ប្រធានាធិបតីស្តីទី លោកស្រី Delcy Rodriguez បាននិយាយថា នឹងមានមូលនិធិចំនួន២០០លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដែលនឹងបានត្រូវប្រើប្រាស់ដើម្បីជួយកសាងឡើងវិញហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ និងលំនៅឋាន។
លោក Rachel Ziemba សេដ្ឋកិច្ចវិទូ និងជាមន្ត្រីជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់សន្តិសុខអាមេរិកថ្មី បាននិយាយថា «ការកសាងឡើងវិញដ៏សំខាន់ទំនងជាចាំបាច់ ហើយរឿងនេះទំនងជាត្រូវការការគាំទ្រពីបរទេស រួមទាំងពីសហរដ្ឋអាមេរិក អង្គការក្នុងតំបន់ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផងដែរ។