សន្និសីទស្តារឡើងវិញប្រទេសអ៊ុយក្រែន បានបើកនៅទីក្រុងកំពង់ផែរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃព្រហស្បតិ៍ ដោយអ្នកចូលរួមបានសន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារក្នុងការគាំទ្រការកសាងឡើងវិញ។ សន្និសីទរយៈពេលពីរថ្ងៃ ដែលសហការរៀបចំដោយប្រទេសប៉ូឡូញ និងអ៊ុយក្រែន ត្រូវបានគេរំពឹងថានឹងបង្កើតកិច្ចព្រមព្រៀងជាង១៦០ច្បាប់ មានតម្លៃជាង១០ពាន់លានអឺរ៉ូ (ប្រហែល ១១,៣៦ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Yulia Svyrydenko។

លោកស្រី ក៏បានប្រកាសផងដែរថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិ ៣,៣៩ពាន់លានដុល្លាររវាងអ៊ុយក្រែន និងធនាគារពិភពលោក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសពីការបែងចែកកញ្ចប់ទឹកប្រាក់ដំបូងចំនួន៣,២ពាន់លានអឺរ៉ូ (៣,៦៤ ពាន់លានដុល្លារអាមេរិក) នៃកញ្ចប់ទឹកប្រាក់ចំនួន៩០ពាន់លានអឺរ៉ូ (១០២,២៨ ពាន់លានដុល្លារអាមេរិក) របស់សហភាពអឺរ៉ុប ដើម្បីគាំទ្រដល់វិស័យការពារជាតិ ភាពធន់ផ្នែកថាមពល និងថវិការដ្ឋរបស់អ៊ុយក្រែន។
លោកស្រី Svyrydenko បានចូលរួមសន្និសីទជំនួសប្រធានាធិបតី លោក Volodymyr Zelenskyy ដែលអវត្តមានរបស់លោកបានកើតឡើងក្នុងពេលមានជម្លោះផ្នែកការទូតរវាងប្រទេសជិតខាងទាំងពីរជុំវិញបញ្ហាប្រវត្តិសាស្ត្រសម័យសង្គ្រាម។ ទោះជាយ៉ាងណា អនុរដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Wladyslaw Teofil Bartoszewski បាននិយាយថា ជម្លោះនេះនឹងមិនប៉ះពាល់ដល់ពាណិជ្ជកម្មទ្វេភាគី ឬការគាំទ្រផ្នែកយោធា និងមនុស្សធម៌របស់ប្រទេសប៉ូឡូញចំពោះអ៊ុយក្រែនឡើយ។

