ខណៈដែលការប្រកួតបាល់ទាត់ពិភពលោកកំពុងទាក់ទាញអ្នកគាំទ្ររាប់ម៉ឺននាក់ទៅកាន់ទីក្រុង Arlington រដ្ឋ Texas អ្នកគាំទ្រមួយចំនួនបានជ្រើសរើសការស្នាក់នៅក្នុងរថយន្ត Camper Van ជំនួសសណ្ឋាគារប្រណីត ដើម្បីកាត់បន្ថយចំណាយ និងទទួលបានបទពិសោធន៍ថ្មី។
នៅជំរុំ Dallas/Arlington KOA Holiday ដែលស្ថិតនៅចម្ងាយត្រឹមប៉ុន្មានគីឡូម៉ែត្រពីកីឡដ្ឋាន Arlington តម្រូវការកន្លែងចតរថយន្ត RV បានកើនឡើងយ៉ាងខ្លាំង ខណៈអ្នកគាំទ្រស្វែងរកជម្រើសស្នាក់នៅដែលមានតម្លៃសមរម្យជាងសណ្ឋាគារ។
លោក Santiago Meneses អ្នកគាំទ្រក្រុមជម្រើសជាតិអាហ្សង់ទីន ដែលធ្វើដំណើរជាមួយមិត្តភក្តិ ៥ នាក់ បាននិយាយថា ការជ្រើសរើសស្នាក់នៅក្នុង RV ជួយសន្សំប្រាក់បានច្រើន និងផ្តល់អារម្មណ៍ផ្សងព្រេងខុសប្លែកពីការស្នាក់នៅសណ្ឋាគារ។
ការកើនឡើងនៃតម្លៃសណ្ឋាគារនៅជិតកីឡដ្ឋាន ក៏ជាមូលហេតុសំខាន់មួយផងដែរ។ យោងតាមទិន្នន័យកក់បន្ទប់ស្នាក់នៅ តម្លៃបន្ទប់សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្ងៃទី ១៥ ខែកក្កដា អាចឡើងដល់ជាង ៤២០ ដុល្លារក្នុងមួយយប់ ខណៈ Apartment ខ្លះមានតម្លៃលើសពី ៤,៣០០ ដុល្លារ។ សណ្ឋាគារកម្រិតមធ្យមមួយចំនួនក៏បានដំឡើងតម្លៃដល់ ៧០០ ដុល្លារក្នុងមួយយប់ផងដែរ។
ផ្ទុយទៅវិញ តម្លៃស្នាក់នៅក្នុងជំរុំ KOA សម្រាប់អ្នកប្រើប្រាស់ RV មានចន្លោះពី ៥៧ ដុល្លារ ទៅ ៧៦ ដុល្លារក្នុងម្នាក់មួយយប់ ដែលទាបជាងតម្លៃសណ្ឋាគារយ៉ាងច្រើន។
អ្នកគ្រប់គ្រងទូទៅនៅ KOA លោកស្រី Nona Gomez បានឱ្យដឹងថា តម្លៃស្នាក់នៅក្នុងជំរុំមិនឡើងថ្លៃពេញមួយរដូវកាលប្រកួត ហើយសម្រាប់ការប្រកួតដែលមានក្រុមអង់គ្លេស អាហ្សង់ទីន និងអូទ្រីស ចំនួនកន្លែង RV ស្ទើរតែពេញទាំងស្រុង។
ក្រៅពីការសន្សំថវិកា អ្នកគាំទ្រជាច្រើនយល់ថា ការរស់នៅក្នុង Camper Van ផ្តល់ឱកាសជួបជុំ និងផ្លាស់ប្តូរវប្បធម៌ជាមួយអ្នកគាំទ្រមកពីបណ្តាប្រទេសផ្សេងៗ។
លោក Leroy Behrens អ្នកគាំទ្រអាល្លឺម៉ង់ ដែលធ្វើដំណើរជាមួយឪពុករបស់គាត់ បាននិយាយថា ការស្នាក់នៅជិតកីឡដ្ឋានក៏ជួយកាត់បន្ថយចំណាយលើការធ្វើដំណើរផងដែរ។
ទោះជាយ៉ាងណា ជីវិតក្នុង Camper Van ក៏មានបញ្ហាប្រឈមមួយចំនួន ដូចជាបន្ទប់ទឹករួមដែលមានមនុស្សច្រើន និងអាកាសធាតុក្តៅខ្លាំងនៅរដ្ឋ Texas។ ប៉ុន្តែអ្នកគាំទ្រភាគច្រើនយល់ថា ការលំបាកទាំងនេះមានតម្លៃសម្រាប់ឱកាសបានទស្សនាការប្រកួតដ៏អស្ចារ្យ និងគាំទ្រកីឡាករដែលពួកគេស្រឡាញ់។
លោក Meneses បានបញ្ជាក់ថា៖ «យើងមិនអាចខកខាន World Cup ចុងក្រោយរបស់ Lionel Messi បានទេ មិនថាត្រូវចំណាយប៉ុន្មានក៏ដោយ»។
ជាមួយគ្នានេះ លោក Behrens ក៏បានសម្ដែងការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើពាណិជ្ជកម្មក្នុងវិស័យបាល់ទាត់ ដោយលើកឡើងថា កីឡាបាល់ទាត់គួរតែជារបស់អ្នកគាំទ្រគ្រប់រូប មិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះឡើយ៕ អត្ថបទ៖នាង សុភាវុធ




