ក្លិបបាល់ទាត់ Manchester City បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nottingham Forest ក្នុងការផ្ទេរខ្សែបម្រើអង់គ្លេស Elliot Anderson ក្នុងតម្លៃ ១១៦លានផោន (ប្រមាណ ១៥៣លានដុល្លារអាមេរិក) ដែលនឹងក្លាយជាការផ្ទេរមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ប្រសិនបើការផ្ទេរត្រូវបានបញ្ចប់ជាផ្លូវការ។
យោងតាមសារព័ត៌មាន BBC ការផ្ទេរនេះនឹងបំបែកកំណត់ត្រាចាស់របស់ Manchester City ដែលបានចំណាយ ១០០លានផោន ដើម្បីទិញ Jack Grealish ពី Aston Villa កាលពីឆ្នាំ២០២១។ ទន្ទឹមនឹងនេះ វាក៏នឹងក្លាយជាការលក់កីឡាករដែលមានតម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ Nottingham Forest ផងដែរ។
Anderson វ័យ ២៣ឆ្នាំ កំពុងស្ថិតនៅជាមួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយបានចូលលេងជម្រើសដំបូងទាំងពីរប្រកួត ដោយជួយអង់គ្លេសយកឈ្នះក្រូអាស៊ី ៤-២ និងស្មើហ្គាណា ០-០។ បច្ចុប្បន្ន អង់គ្លេសកំពុងឈរកំពូលតារាងពូល L និងត្រៀមជួបប៉ាណាម៉ា នៅទីក្រុង New Jersey នាថ្ងៃអាទិត្យខាងមុខ។
Anderson គឺជាយុវជនដែលធំធាត់ចេញពីថ្នាលបណ្តុះបណ្តាលរបស់ Newcastle United មុនពេលផ្ទេរទៅ Nottingham Forest ក្នុងតម្លៃ ៣៥លានផោន កាលពីឆ្នាំ២០២៤។ ចាប់តាំងពីពេលនោះមក គេបានបង្ហាញខ្លួនសរុប ៩២ប្រកួត ស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ១១លើក នៅក្នុងក្របខណ្ឌ Premier League។
សម្រាប់ Manchester City ការផ្ទេរ Anderson ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការកសាងក្រុមឡើងវិញ បន្ទាប់ពីលោក Pep Guardiola បានបញ្ចប់អាជីពដឹកនាំដ៏ជោគជ័យរយៈពេល ១០ឆ្នាំជាមួយក្លិប។ City ដែលបានបញ្ចប់រដូវកាលមុនក្នុងចំណាត់ថ្នាក់លេខ២ ពីក្រោម Arsenal កំពុងឈានចូលយុគសម័យថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី៕ អត្ថបទ៖នាង សុភាវុធ

