សហរដ្ឋអាមេរិក និងសមាជិកនៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានច្រានចោលការប៉ុនប៉ងណាមួយ ដើម្បីដាក់ពន្ធគយលើការដឹកជញ្ជូនទំនិញនៅច្រកសមុទ្រហ័រមូស នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីនៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន។

សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«ក្រុមរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដោយកត់សម្គាល់ថា ការធ្វើនាវាចរណ៍ដោយសេរី គ្មានលក្ខខណ្ឌ និងគ្មានការរឹតត្បិត រួមទាំងសិទ្ធិនៃការឆ្លងកាត់ដែលត្រូវបានធានាក្រោមច្បាប់អន្តរជាតិ នៅតែមានសារៈសំខាន់ចំពោះសន្តិសុខក្នុងតំបន់ និងសកល»។ «រដ្ឋមន្ត្រីទាំងនោះបានបដិសេធការយកពន្ធ ថ្លៃសេវា ឬការប៉ុនប៉ងណាមួយ ដើម្បីអះអាងការគ្រប់គ្រងលើច្រកសមុទ្រនេះ»។
ភាគីទាំងពីរក៏បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរួមគ្នារបស់ប្រទេសអូម៉ង់ និងអង្គការសមុទ្រអន្តរជាតិ ស្តីពីការចាប់ផ្តើមផែនការជម្លៀសសម្រាប់នាវិកជាង ១១.000នាក់ ដែលជាប់ខ្លួននៅក្នុងតំបន់នេះ៕
