នាថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលទីក្រុងមីនស្ក៍(Minsk) បាននិយាយថា មានតែលោកខាងលិចទេ ដែលកំពុងព្យាយាមអូសខ្លួនចូលទៅក្នុងជម្លោះនេះ។
អតីតរដ្ឋសូវៀតមានសារៈសំខាន់ខាងយុទ្ធសាស្ត្រសម្រាប់គ្រប់ភាគីទាំងអស់ ដោយមានសម្ព័ន្ធមិត្តជិតស្និទ្ធជាមួយទីក្រុងមូស្គូ និងមានព្រំដែនជាមួយរុស្ស៊ី អ៊ុយក្រែន និងរដ្ឋសមាជិកណាតូចំនួនបី។
ដោយសារកងកម្លាំងរបស់ទីក្រុងមូស្គូកំពុងតស៊ូដើម្បីរុលចូលមុខ និងអ៊ុយក្រែនវាយប្រហារទ្រង់ទ្រាយធំដោយយានដ្រូនលើគោលដៅឆ្ងាយៗ នៅក្នុងប្រទេសរុស្ស៊ី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ្សេឡិនស្គី បាននិយាយម្តងហើយម្តងទៀតថា លោកជឿថា ទីក្រុងមូស្គូចង់ឲ្យបេឡារុសចូលរួមកាន់តែច្រើន នៅខាងរុស្ស៊ី។
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃពុធថា រុស្ស៊ីចង់ប្រើប្រាស់បេឡារុសជា «ចំណុចចាប់ផ្តើម» ដើម្បីបង្កើនការវាយប្រហារលើអ៊ុយក្រែន ហើយថា ទីក្រុងមូស្គូកំពុងគំរាមកំហែងកាត់ផ្តាច់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ប្រសិនបើទីក្រុងមីនស្ក៍មិនយល់ព្រម។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា របាយការណ៍នេះ «មិនស៊ីគ្នានឹងការពិត» ហើយថា បេឡារុស គឺជា «សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់យើង»៕

