ប្រធានអង្គការឃ្លាំមើលបរមាណូរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រព័ន្ធផ្ទៀងផ្ទាត់ «ដ៏រឹងមាំ» គឺត្រូវការនៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា ដើម្បីធានាថា ប្រទេសនេះ មិនអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។
ការអត្ថាធិប្បាយរបស់លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានធ្វើឡើង នៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងចរចាកិច្ចព្រមព្រៀងទូលំទូលាយមួយ ដើម្បីបញ្ចប់សង្គ្រាម ដោយកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នៅតែជាចំណុចជាប់គាំងដ៏សំខាន់មួយ។

លោក Grossi បានប្រាប់អ្នកយកព័ត៌មាននៅប្រទេសជប៉ុនថា៖«ខ្ញុំគិតថា គោលបំណងនៃកិច្ចព្រមព្រៀង (សហរដ្ឋអាមេរិក-អ៊ីរ៉ង់ថ្មីៗនេះ) នេះ គឺដើម្បីធានាថា មិនមានការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ទេ។ រដ្ឋាភិបាលអ៊ីរ៉ង់បានប្រកាសយ៉ាងច្បាស់ថា នេះមិនមែនជាគោលបំណងរបស់ពួកគេទេ»។
លោកប្រធាន IAEA បាននិយាយថា៖«ប៉ុន្តែជាការពិត គោលបំណងគឺមិនគ្រប់គ្រាន់ទេ។ យើងត្រូវតែមានប្រព័ន្ធផ្ទៀងផ្ទាត់ដ៏រឹងមាំមួយដើម្បីដាក់ឲ្យដំណើរការ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Grossi ក៏បាននិយាយផងដែរថា អង្គការឃ្លាំមើលនេះ «ទើបតែចាប់ផ្តើមកិច្ចពិភាក្សា» ជាមួយអ៊ីរ៉ង់ បន្ទាប់ពីកិច្ចព្រមព្រៀងបឋមថ្មីៗជាមួយសហរដ្ឋអាមេរិកអំពីអ្វីដែលត្រូវធ្វើជាមួយស្តុកអ៊ុយរ៉ានីញ៉ូមរបស់ទីក្រុងតេអេរ៉ង់៕
