រដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ កំពុងពិភាក្សាអំពីទីតាំង សម្រាប់តំបន់ដែលត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិក នៅភាគខាងត្បូងនៃប្រទេសលីបង់ ដែលទីក្រុងបេរូតអាចបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ក្រុមហេសបូឡា។
ការចរចាដែលបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ត្រូវបានជំរុញដោយកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ ហើយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump បានជំទាស់នឹងការទាមទាររបស់ទីក្រុងតេអេរ៉ង់ ដែលថា ការចរចាដាច់ដោយឡែក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ រួមបញ្ចូលទាំងការបញ្ចប់ប្រតិបត្តិការរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមហេសបូឡា។ តែទោះជាយ៉ាងណានេះក្ដី ក៏មន្ត្រីអាមេរិកបានជំរុញសម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល ឲ្យបង្ហាញការអត់ធ្មត់ និងព្យយាមសម្រេចបានសន្តិភាពជាមួយលីបង់ ក្នុងពេលស្របគ្នា។
មន្ត្រីអ៊ីស្រាអែលម្នាក់ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ការចរចាជុំចុងក្រោយជាមួយលីបង់ ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែមិថុនា និងបញ្ចប់នៅថ្ងៃទី២៥ ខែមិថុនា ត្រូវបានរារាំងដោយការមិនចុះសម្រុងគ្នា ជុំវិញបញ្ហាភូមិសាស្ត្រ។
មន្ត្រីរូបនេះបានបន្ថែមថា រដ្ឋាភិបាលលីបង់ចង់បានយ៉ាងហោចណាស់តំបន់មួយចំនួនដែលឲ្យឈ្មោះថា តំបន់សាកល្បង ស្ថិតនៅក្នុងរង្វង់តំបន់ទ្រនាប់ជ្រៅឆ្ងាយ ១០គីឡូម៉ែត្រ តាមបណ្តោយព្រំដែនជាមួយអ៊ីស្រាអែល ដែលឥឡូវនេះត្រូវបានល្បាតដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)។ តែអ៊ីស្រាអែលបានបដិសេធគំនិតនោះ ដោយនិយាយថា ទីក្រុងបេរូតអាចដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធលីបង់ (LAF) នៅកន្លែងផ្សេងទៀត នៅភាគខាងត្បូងនៃទន្លេ Litani ជាទីតាំងកំណត់ព្រំដែនគោកដែលធ្លាប់ជាទីតាំងដ៏សំខាន់របស់ក្រុមហេសបូឡាជាយូរមកហើយ។
ស្ថានទូតលីបង់ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ កាលពីថ្ងៃទី២៥ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា កិច្ចព្រមព្រៀងអ៊ីស្រាអែល-លីបង់ដំបូង ត្រូវបានគេរំពឹងថា នឹងកើតឡើងឆាប់ៗនេះ៕


