អ្នកការទូតជាន់ខ្ពស់របស់ក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែមិថុនា ឆ្នាំ២០២៦) ថា ការជូនដំណឹង អំពីការលក់អាវុធដែលកំពុងរង់ចាំការសម្រេច ទៅកាន់សភា សម្រាប់កោះតៃវ៉ាន់ មិនអាស្រ័យលើការពិភាក្សាជាមួយប្រទេសចិនទេ ទោះបីជាមានការលើកឡើងពីប្រធានាធិបតី លោក Donald Trump ក៏ដោយ។
លោក Trump បានបង្កើតឲ្យមានការភាន់ច្រឡំម្តងហើយម្តងទៀត អំពីកញ្ចប់លក់អាវុធតម្លៃ ១៤ពាន់លានដុល្លារទៅឲ្យកោះតៃវ៉ាន់ ដែលមានបំណងលើកកម្ពស់ការការពាររបស់កោះនេះ ប្រឆាំងនឹងវិធានយោធារបស់ចិន ដោយបាននិយាយកាលពីខែឧសភាថា លោកបានពិភាក្សាអំពីបញ្ហានេះ នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំចិន លោក Xi Jinping។
នៅពេលត្រូវបានសួរអំឡុងសវនាការអនុគណៈកម្មាធិការកិច្ចការបរទេសរបស់សភា ដើម្បីបញ្ជាក់ថា ការសម្រេចចិត្ត អំពីថា តើត្រូវជំរុញការលក់អាវុធនេះដែរ ឬអត់នោះ មិនអាស្រ័យលើការចរចាជាមួយទីក្រុងប៉េកាំងទេ ជំនួយការរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកកិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Michael DeSombre បាននិយាយថា នោះគឺជារឿង «ត្រឹមត្រូវ»។
លោក DeSombre ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ ដោយលោក Trump បានបន្ថែមថា ការធានាចំនួន ៦ នៅតែដឹកនាំគោលនយោបាយរបស់សហរដ្ឋអាមេរិក។ តែយ៉ាងណាក្ដី លោក DeSombre មិនបានផ្តល់ពេលវេលា សម្រាប់ការសម្រេចចិត្ត លើកញ្ចប់លក់អាវុធនេះទេ ជាអ្វីដែលលោកបាននិយាយថា នៅតែស្ថិតក្រោមការពិនិត្យដោយលោក Trump៕

