ភ្នំពេញ៖ លោក លាង ដឺលុច អ្នកសារព័ត៌មានជើងចាស់មួយរូបនៅកម្ពុជា បានបញ្ចេញនូវវណ្ណកម្មថ្មីមួយរបស់ខ្លួនក្រោមចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» បន្ទាប់ពីលោកបានចំណាយពេលតាមដាន អង្កេត ស្រាវជ្រាវ ជាង៨ឆ្នាំ អំពីតួអង្គ ហើយចំណាយពេល ២ឆ្នាំបន្ថែមទៀត ក្នុងការសរសេររៀបរៀងខ្លឹមសារ។
សៀវភៅដែលមានចំណងជើងថា «ក្ដីសង្ឃឹម ហ៊ុន ម៉ានី» ត្រូវបានស្មេរដែលមានបទពិសោធន៍សរសេរជាង ២០ឆ្នាំ ក្នុងវិស័យសារព័ត៌មានរូបនេះ រំលេចឱ្យអ្នកអានបានជ្រាបអំពីបុគ្គលិកលក្ខណៈ និងដំណើរជីវិតរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ព្រមទាំងជាកូនប្រុសពៅរបស់នាយករដ្ឋមន្រ្តីដ៏មានឥទ្ធិពលរបស់កម្ពុជា។
ខ្លឹមសារនៃសៀវភៅកម្រាស់ ២៥៥ ទំព័រ នេះ ក៏បានចងក្រងនូវភាគច្រើននូវព័ត៌មាននៃការចូលប្រឡូកក្នុងវិស័យសង្គម និងឆាកនយោបាយរបស់ឯកឧត្តម ហ៊ុន ម៉ានី ដែលជាប្រធាននៃចលនាយុវជនដ៏ធំមួយនៅកម្ពុជា និងបានបង្ហាញពីចក្ខុវិស័យ ឆន្ទៈ ព្រមទាំងការប្ដេជ្ញាចិត្តក្នុងភាពជាអ្នកដឹកនាំរបស់អ្នកនយោបាយវ័យក្មេងដ៏មានប្រជាប្រិយភាព និងមានឥទ្ធិពលនាពេលអនាគតមួយរូបរបស់កម្ពុជាផងដែរ។
តាមរយៈខ្លឹមសាររាប់ម៉ឺនពាក្យក្នុងសៀវភៅនេះ អ្នកនិពន្ធ រំពឹងថាអ្នកអាន មិនត្រឹមតែជ្រាបកាន់តែច្បាស់អំពីតួអង្គ ឯកឧត្តម ហ៊ុន ម៉ានី ប៉ុណ្ណោះទេ អ្នកអានក៏បានស្គាល់អំពីបុគ្គលិកលក្ខណៈរបស់កំពូលមេដឹកនាំកម្ពុជាតាមរយៈកូនប្រុសរបស់លោកផងដែរ៕ អត្ថបទ៖ ចេន សុជាតា


