រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back បាននិយាយនៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះថា កូរ៉េខាងត្បូងនឹងពង្រីកយ៉ាងឆាប់រហ័សនូវសមត្ថភាពយានដ្រូន និងប្រឆាំងយានដ្រូនរបស់ខ្លួន ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ក្នុងនោះរួមមានទាំងការបណ្តុះបណ្តាល «អ្នកចម្បាំងយានដ្រូន» ចំនួន ៥០០.០០០នាក់ និងចែកចាយប្រព័ន្ធយានដ្រូនរាប់ម៉ឺនគ្រឿង នៅទូទាំងអង្គភាពជួរមុខ ។

លោក Ahn បានបញ្ជាក់ថា យោធាមានគម្រោងផលិតយានដ្រូនចំនួន ១១០.០០ គ្រឿង នៅឆ្នាំ២០២៩ សម្រាប់ដាក់ពង្រាយ នៅទូទាំងកងទ័ពជើងគោក ជើងទឹក អាកាស និងកងម៉ារីន ប៉ុន្តែក្រោយមកក្រសួងបានកែសម្រួលចំនួននេះត្រឹមប្រហែល ៦០.០០០គ្រឿង ដោយក្នុងរង្វង់ប្រមាណ ១១.០០០គ្រឿង នឹងត្រូវបានបង្ហាញនៅឆ្នាំ២០២៦។
ក្រសួងបានឲ្យដឹងទៀតថា ប្រព័ន្ធទាំងនេះនឹងត្រូវបានចេញនៅទូទាំងសេវាកម្មនានា ដោយមានគោលបំណងធ្វើឲ្យយានដ្រូនក្លាយជាយុទ្ធោបករណ៍ស្តង់ដារសម្រាប់ទាហាន។ ហើយលោក Ahn បានបន្ថែមថា ទីក្រុងសេអ៊ូលនឹងពឹងផ្អែកលើគ្រឿងបន្លាស់ផលិតក្នុងស្រុក ១០០ភាគរយ ជាជាងគ្រឿងបន្លាស់របស់ចិន ក្នុងការផលិតប្រព័ន្ធនេះ ដើម្បីឆ្លើយតបទៅនឹងក្ដីបារម្ភអំពីសន្តិសុខ។
គួរបញ្ជាក់ថា ការប្រកាសនេះកើតឡើងនៅពេលដែលកូរ៉េទាំង២ បង្កើនល្បឿនកិច្ចប្រឹងប្រែងកសាងសមត្ថភាពយានដ្រូន ដែលរៀនសូត្រពីមេរៀន ក្នុងជម្លោះ នៅប្រទេសអ៊ុយក្រែន និងតំបន់មជ្ឈិមបូព៌ា ជាកន្លែងដែលប្រព័ន្ធយានដ្រូនបានលេចឡើងក្លាយជាអាវុធផ្លាស់ប្ដូរស្ថានភាពនៅលើសមរភូមិ៕
