ក្រសួងការពារជាតិអ៊ីតាលី បានបដិសេធការអត្ថាធិប្បាយរបស់លោក Mark Rutte អគ្គលេខាធិការណាតូ ដែលសរសើរការចូលរួមចំណែករបស់ប្រទេសនេះចំពោះសង្គ្រាមអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox News ប្រមុខណាតូបានសាទរចំពោះអ្វីដែលលោកពិពណ៌នាថា ជាការគាំទ្រយ៉ាងច្រើនរបស់អឺរ៉ុបចំពោះការប៉ុនប៉ងរបស់អាមេរិក-អ៊ីស្រាអែល ដើម្បីផ្តួលរំលំ រដ្ឋាភិបាលនៅទីក្រុងតេអេរ៉ង់។
លោក Rutte បានអះអាងថា អ៊ីតាលីតែម្នាក់ឯងទទួលខុសត្រូវចំពោះជើងហោះហើរយោធាអាមេរិកចំនួន ៥០០ ក្នុងចំណោម ៤.០០០ ទៅ ៥០០០ ជើងហោះហើរ ដែលបានចេញពីមូលដ្ឋានទ័ពអឺរ៉ុប ដើម្បីគាំទ្រប្រតិបត្តិការ Epic Fury។
យោធាអ៊ីតាលីបាននិយាយកាលពីថ្ងៃពុធថា តួនាទីរបស់ខ្លួន ត្រូវបានកំណត់ចំពោះសកម្មភាពបច្ចេកទេស និងភស្តុភារ មិនមែនប្រតិបត្តិការ» ហើយដូច្នេះស្របតាមរដ្ឋធម្មនុញ្ញអ៊ីតាលី និងលក្ខខណ្ឌដែលត្រូវបានអនុម័ត ដោយសភាដែលគ្រប់គ្រងការប្រើប្រាស់មូលដ្ឋានយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសនេះ៕

