ភ្នំពេញ៖ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់។
សម្តេចធិបតី បានថ្លែងថា អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធនិងទំនិញខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់ ដោយស្មើភាពនិងតម្លាភាព ជាពិសេសដោយផ្តោតលើដើមខ្សែ ពោលគឺអ្នកដែលនាំចូល និងចែកចាយ។
សម្ដេចធិបតីបានបញ្ជាក់ថា វិធានការនេះត្រូវធ្វើឡើងទាំងមុខទំនិញជាគ្រឿងឧបភោគបរិភោគ ពីព្រោះវាប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងទាំងទំនិញដែលមានតម្លៃខ្ពស់ ពីព្រោះវាប៉ះពាល់ដល់ការប្រកួតប្រជែងដោយស្មើភាព។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានណែនាំឱ្យអាជ្ញាធរ មានសមត្ថកិច្ច ត្រូវផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋឱ្យបានជ្រាប និងបានលឿនរហ័សអំពីវិធានការរបស់ខ្លួន ដើម្បីចៀសវាងការយល់ច្រឡំ និងមានការបកស្រាយខុសពីគោលបំណងពិត៕



