យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត(SPA) បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្អាកការធ្វើដំណើររបស់ពលរដ្ឋខ្លួនទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC) ប្រទេសអ៊ូហ្គង់ដា និងប្រទេសស៊ូដង់ខាងត្បូង ហើយបានផ្អាកការចេញទិដ្ឋាការគ្រប់ប្រភេទ និងការចូលរបស់អ្នកដំណើរមកពីប្រទេសទាំងបី ជាការប្រុងប្រយ័ត្នជាមុនប្រឆាំងជំងឺអេបូឡា ។
ការផ្អាកនេះ ក៏អនុវត្តចំពោះអ្នកធ្វើដំណើរដែលទៅដល់តាមរយៈប្រទេសទីបី ដែលបានស្នាក់នៅក្នុងប្រទេសទាំងបីនេះក្នុងរយៈពេល ២១ ថ្ងៃ មុនពេលចូលទៅព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត។ អាជ្ញាធរសុខភាពសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និយាយថា ពុំមានករណីអេបូឡាដែលត្រូវបានបញ្ជាក់ ឬសង្ស័យត្រូវបានកត់ត្រានៅក្នុងព្រះរាជាណាចក្រមួយនេះទេចាប់តាំងពីវិធានការបង្ការរបស់ខ្លួនត្រូវបានដាក់ចេញ។
សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងការផ្ទុះឡើងជំងឺអេបូឡាលើកទី ១៧ របស់ខ្លួន ដែលត្រូវបានប្រកាសកាលពីពាក់កណ្តាលខែឧសភា។ ការផ្ទុះឡើងនេះ បានធ្វើឲ្យប៉ះពាល់ដល់ផ្នែកខាងកើតប្រទេស និងរាលដាលដល់ប្រទេសអ៊ូហ្គង់ដាដែលនៅជិតខាង។ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កាលពីថ្ងៃពុធសប្តាហ៍នេះ បានរាយការណ៍ពីករណីជំងឺអេបូឡាចំនួន ១.១១៨ ករណី រួមទាំងអ្នកស្លាប់ចំនួន ២៩១ នាក់ ខណៈអង្គការសុខភាពពិភពលោកបានព្រមានថា ការផ្ទុះឡើងនេះនៅតែបន្តហួសពីការឆ្លើយតប។


