ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃកម្ពុជា បានបញ្ជាក់ថា ការអនុវត្តការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈ ទូទាំងកម្ពុជា មិនបង្កផលប៉ះពាល់ ឬឈានទៅដល់ការលំបាកទាំងស្រុង សម្រាប់សិប្បកម្ម ឬរោងចក្រតូចៗដែលផលិតម៉ាស់នោះទេ ដោយសារប្រជាពលរដ្ឋមួយចំនួននៅបន្តមានតម្រូវការប្រើប្រាស់។
នៅព្រឹកថ្ងៃទី២៨ មេសា ឆ្នាំ២០២២នេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងមក កម្ពុជាមានរោងចក្រផលិតម៉ាស់ធំៗចំនួន២ មួយនៅខេត្តកំពង់ចាម និងមួយផ្សេងទៀតនៅខេត្តព្រះសីហនុ ដែលផលិតឧបករណ៍វេជ្ជសាស្រ្ត ក្នុងនោះរួមមាន៖ ម៉ាស់ និងស្រោមដៃជាដើម។
យោងតាមស្ថិតិរោងចក្រ និងសិប្បកម្មផលិតម៉ាស់ អាវនិងមួកពេទ្យទូទាំងកម្ពុជា របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបង្ហាញថា នៅកម្ពុជាបច្ចុប្បន្ន រោងចក្រផលិតម៉ាស់មានចំនួន ២រោងចក្រ។ ដោយឡែក សិប្បកម្មផលិតម៉ាស់មានចំនួន ៧មូលដ្ឋាន ក្នុងនោះកំពុងដំណើរការមានចំនួនតែ ២មូលដ្ឋាន។
បើតាមការលើកឡើងរបស់លោក កាំង ម៉ូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ ជីម៉ាក បានបញ្ជាក់យ៉ាងខ្លីថា ភាគច្រើននៃរោងចក្រផលិតម៉ាសនៅកម្ពុជា គឺផលិតសំដៅការនាំចេញ។
កាលពីថ្ងៃទី២៦ ខែមេសាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសការលើកលែងកាតព្វកិច្ច ពាក់ម៉ាស់នៅតាមទីសាធារណៈទូទាំងប្រទេស រួមបញ្ចូលគោលដៅទេសចរណ៍នានា ដែលស្ថិតនៅទីលំហដែលមានដូចជា រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តដទៃទៀត៕ អត្ថបទ៖ ឈិត បូរ៉ាវី