ប្រធានាធិបតីបារំាងលោក Emmanuel Macron និយាយថា ប្រទេសរបស់លោកកំពុងជួបរលកកម្តៅពុំធ្លាប់ដែលមានកាលពីមុន ហើយវាពិតជាពិបាកទ្រាំខ្លំាងណាស់ ក្នុងការសម្របខ្លួននឹងអាកាសធាតុអាក្រក់បែបនេះ ដែលមើលឃើញសីតុណ្ហភាពកើនឡើង ១៥អង្សាសេ ខ្ពស់ជាងសីតុណ្ហភាពធម្មតា ។
បារាំងបានជួបប្រទះរលកកម្តៅអស់រយៈពេលជាច្រើនថ្ងៃមកហើយ ហើយរកឃើញថ្ងៃក្តៅបំផុតពុំធ្លាប់មាននៅក្នុងខែមិថុនា ។ សីតុណ្ហភាពនៅតំបន់ភាគខាងលិចប្រទេសបារាំង បានកើនឡើងដល់ ៤៣អង្សាសេ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
លោក Macron និយាយប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលីលោកស្រី Giorgia Meloni នៅទីក្រុង Antibes ថា អាទិភាពកំពូលនៅទីនេះ គឺការការពារ ។ វិធានការការពារត្រូវតែក្រើនរំឭកពលរដ្ឋឲ្យទទួលទានទឹកបានច្រើន ចៀសវាងការធ្វើការងារខ្លាំងនៅក្រោមកម្តៅព្រះអាទិត្យ ហើយនិងការពារខ្លួនឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ។
ខណៈពេលនោះដែរ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បម្រែបម្រួលអាកាសធាតុបង្កឡើងដោយមនុស្ស គឹជាមូលហេតុបណ្តាលឲ្យមានរលកកម្តៅធ្ងន់ធ្ងរនៅទូទាំងអឺរ៉ុប ។
អ្នកវិទ្យាសាស្រ្តនៅក្រុមផ្តល់ចំណាត់ថ្នាក់អាកាសធាតុពិភពលោកនិយាយថា វាមិនអាចទៅរួចនោះទេកាលដែលអាកាសធាតុក្តៅបែបនេះក្នុងខែមិថុនា កើតឡើងនៅអឺរ៉ុបកាលពីរយៈពេល ៥០ឆ្នាំមុននោះ ។
ការសិក្សាមួយរបស់ក្រុមអ្នកវិទ្យាមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការសន្និដ្ឋានរួមថា រលកកម្តៅស្រដៀងគ្នា ត្រជាក់ជាង ៣,៥អង្សាសេ បានកើតមាន អំឡុងខែមិថុនា ឆ្នាំ ១៩៧៦ ៕