មន្រ្តី ២រូបរបស់សហរដ្ឋអាមេរិក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីរ៉ង់គឺជាអ្នកវាយប្រហារនាវាដឹកទំនិញដោតទង់ជាតិសិង្ហបុរីនៅជិតសមុទ្រប្រទេសអូម៉ង់ ខណៈទីក្រុងតេអេរ៉ង់ និយាយថា នាវាដែលនៅក្រៅផ្លូវពួកគេបានកំណត់ ពុំបានធានាផ្លូវសុវត្ថិភាពនោះទេ ។
ខណៈពេលនោះដែរ អង្គការសមុទ្រអន្តរជាតិ(IMO)របស់អង្គការសហប្រជាជាតិ(UN) បានបញ្ឈប់ប្រតិបត្តិការអមនាវារបស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ។
ការប្រកាសបែបនេះ បានកើតមានឡើង ក្រោយសេចក្តីរាយការណ៍ថា នាវាដឹកទំនិញមួយគ្រឿង រងការវាយប្រហារដោយកាំជ្រួចផ្លោងនៅជិតប្រទេសអូម៉ង់ បង្កឲ្យមានក្តីបារម្ភឡើងវិញថាតើកិច្ចព្រមព្រៀងដំបូង ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ នឹងបន្តចូលជាធរមានឬយ៉ាងណា ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រភពសន្តិសុខ បានឲ្យដឹងថា នាវាមួយគ្រឿងនេះ ទំនងជាក្លាយជាគោលដៅរបស់យានដ្រូន ។
ទីភ្នាក់ងារសមុទ្រ IMO បាននិយាយកាលពីដើមសប្តាហ៍នេះថា ទីភ្នាក់ងារនឹងចាប់ផ្តើមជម្លៀសនាវាចំនួន ៦០០ គ្រឿង និងក្រុមនាវិកដែលជាប់ខ្លួនដោយសារសង្គ្រាមអាមេរិក-អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានព្រមព្រៀងលើកិច្ចព្រមព្រៀងបឋមដើម្បីបញ្ចប់ជម្លោះ។
គួរឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានប្រឆាំងចំពោះការឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយគ្មានការអនុញ្ញាត និងបាននិយាយថា នាវាដែលមិនគោរពតាម នឹងត្រូវរងមហន្តរាយ ៕