ប្រទេសចិន នៅថ្ងៃសុក្រ (ទី២៦ ខែមិថុនា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ការរក្សាស្ថិរភាព នៅសមុទ្រលឿង និងការគ្រប់គ្រងការនេសាទប្រកបដោយការទទួលខុសត្រូវ គឺជាផលប្រយោជន៍រួមរបស់ទីក្រុងប៉េកាំង និងសេអ៊ូល បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានលើកឡើងពីក្ដីបារម្ភអំពីការនេសាទខុសច្បាប់ដោយនាវារបស់ចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ការការពារស្ថិរភាពនៃដែនសមុទ្រ រវាងចិន និងកូរ៉េ គឺជាផលប្រយោជន៍របស់ភាគីទាំង២ ហើយវាស្ថិតនៅក្នុងផលប្រយោជន៍របស់ភាគីទាំង២ ក្នុងការការពារការនេសាទតាមរបៀបដែលមានសណ្តាប់ធ្នាប់»។
ឆ្លើយតបទៅនឹងសំណួរ អំពីការកត់សម្គាល់របស់លោក Lee លោក Guo បាននិយាយថា ប្រទេសចិនតម្រូវឱ្យអ្នកនេសាទរបស់ខ្លួន គោរពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ខណៈពេលដែលការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។ លោកបានបន្ថែមថា ទីក្រុងប៉េកាំងបានបន្តការសន្ទនាយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ជុំវិញបញ្ហាទាក់ទងនឹងការនេសាទ។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីលោក Lee បានសម្តែងក្ដីបារម្ភ លើរបាយការណ៍ដែលថា នាវាចិនបន្តនេសាទខុសច្បាប់នៅក្នុងដែនទឹកភាគខាងលិចនៃប្រទេសកូរ៉េខាងត្បូង។
ប្រទេសចិន និងកូរ៉េខាងត្បូង បានមានជម្លោះម្ដងកាលជាយូរមកហើយ ជុំវិញសកម្មភាពនេសាទ នៅសមុទ្រលឿង ជាកន្លែងដែលផលប្រយោជន៍សមុទ្រត្រួតស៊ីគ្នា ជួនកាលបាននាំឲ្យមានភាពតានតឹងផ្នែកការទូត និងប្រតិបត្តិការអនុវត្តច្បាប់៕